លោកជំទាវ ភឿង សកុណា ដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាវប្បធម៌អាស៊ី លើកទី៣ នៃមហាសន្និបាតសន្និសីទអន្តរជាតិ ICAPP លើកទី១២
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសមាជិកាប្រតិភូគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាវប្បធម៌អាស៊ី លើកទី៣ នៃមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ “ភាពចម្រុះនៃវប្បធម៌ សម្រាប់ការលើកកម្ពស់សន្តិភាព និងផ្សះផ្សា” នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ ។
សូមជម្រាបថា ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយអង្គការសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលមានតំណាងគណបក្សនយោបាយជាង ៣៥០ មកពី៥២ ប្រទេសក្នុងតំបន់ ។ ក្រុមប្រឹក្សានេះ ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ បន្ទាប់ពីកិច្ចព្រមព្រៀងត្រីភាគី រវាងអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO យូណេស្កូ) អង្គការ ICAPP និង ACC ដែលចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប ។
ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានប្រកាសលើកកម្ពស់ សសរស្តម្ភចំនួន៤ ដែលមានភាពប្រទាក់ក្រឡាគ្នា ទៅវិញទៅមក រួមមាន៖
ទី១៖ វប្បធម៌ និងសន្តិភាព៖ ប្តេជ្ញាលើកកម្ពស់វប្បធម៌សន្តិភាព ស្របតាមពាក្យស្លោករបស់ ACC ថា «ពិភពលោកមួយ ដែលមានវប្បធម៌ចម្រុះសម្បូរបែបជាមូលដ្ឋាន សម្រាប់ការកោតសរសើរ និងកិច្ចសហប្រតិបត្តិការ»។ វប្បធម៌ គឺជាសូចនាករមួយ សម្រាប់អត្តសញ្ញាណជាតិ អធិបតេយ្យភាព និងឯករាជ្យភាព។
ទី២៖ វប្បធម៌ និងការអភិវឌ្ឍដោយចីរភាព៖ គូសបញ្ជាក់ពីទំនាក់ទំនងរវាងវប្បធម៌ និងការអភិវឌ្ឍដោយចីរភាព តាមរយៈការលើកកម្ពស់ភាពទាក់ទងគ្នា រវាងគុណតម្លៃសង្គម និងវប្បធម៌ និងការធ្វើឲ្យប្រសើរឡើងនូវកុងសង់ស៊ីសអន្តរជាតិ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីកាត់បន្ថយនូវអសមភាពសេដ្ឋកិច្ច និងសង្គម ពង្រឹងសមត្ថភាពមូលដ្ឋាន ដើម្បីកាត់បន្ថយហានិភ័យ នៃបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់ការ ផ្សារភ្ជាប់សង្គម និងនិរន្តរភាពសង្គម។
ទី៣៖ វប្បធម៌ និងការតភ្ជាប់មនុស្សជាតិ៖ អភិវឌ្ឍបន្ថែមទៀត នូវផែនការសកម្មភាពជាក់លាក់ ដើម្បីលើកកម្ពស់ការតភ្ជាប់មនុស្សជាតិ គុណតម្លៃរួមគ្នា និងផលប្រយោជន៍រួម និងដើម្បីលុបបំបាត់ រាល់ទម្រង់នៃភាពជ្រុលនិយម តាមរយៈការផ្លាស់ប្តូរវប្បធម៌ ការចែករំលែកចំណេះដឹង និងកិច្ចសន្ទនា និងការពិគ្រោះយោបល់ ដែលមានលក្ខណៈបើកទូលាយ និងប្រកបដោយបរិយាប័ន្ន។
ទី៤៖ វប្បធម៌ និងនវានុវត្តភាព៖ គូសបញ្ជាក់នូវសារៈសំខាន់ នៃការលើកកម្ពស់វប្បធម៌ ជាមូលដ្ឋាននៃនវានុវត្តភាព ដែលប្រមូលផ្តុំលើមនុស្ស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងការលើកកម្ពស់គុណតម្លៃមនុស្ស និងការផ្សារភ្ជាប់មនុស្សជាតិ ៕
ដោយ ៖ វណ្ណលុក