អេស្ប៉ាញផាកក្រុមហ៊ុនអាកាសចរណ៍១៨០លានដុល្លារ បំពានអ្នកដំណើរ
បរទេស៖ រដ្ឋាភិបាលឆ្វេងនិយមរបស់ប្រទេសអេស្ប៉ាញបាននិយាយ កាលពីថ្ងៃសុក្រថា ខ្លួនបានពិន័យក្រុមហ៊ុនអាកាសចរណ៍ចំនួន ៥ រួមមាន ទាំងក្រុមហ៊ុន Ryanair និង EasyJet ក្នុងទំហំទឹកប្រាក់ ១៧៩លានអឺរ៉ូ ឬ ១៨៧លានដុល្លារអាមេរិ សម្រាប់ «ការអនុវត្តបំពាន» មានដូចជា ការគិតប្រាក់អ្នកដំណើរ សម្រាប់វ៉ាលីយួរដៃ ជាដើម។
ក្រុមហ៊ុនអាកាសចរណ៍ ក៏ត្រូវបានផាកពិន័យ សម្រាប់ការគិតថ្លៃអ្នកដំណើរ ដើម្បីកក់កៅអី នៅជាប់គ្នាសម្រាប់កុមារ និងអ្នកនៅក្នុងបន្ទុកផ្សេងទៀត ព្រមទាំង ការមិនទទួលយកសាច់ប្រាក់ នៅពេលលក់សំបុត្រ នៅអាកាសយានដ្ឋាន ជាដើម។
ក្រុមហ៊ុនអាកាសចរណ៍អៀរឡង់ Ryanair ដែលជាក្រុមហ៊ុនដំបូង ចាប់ផ្តើមគិតថ្លៃ បន្ថែម សម្រាប់វ៉ាលីយួរដៃ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវបានពិន័យជាប្រាក់ ដ៏ធំបំផុត គឺចំនួន ១០៧.៨លានអឺរ៉ូ។
ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសថា ខ្លួននឹងប្តឹងឧទ្ធរណ៍ភ្លាមៗ ដោយបានថ្កោលទោស ការផាកពិន័យនេះថា «ខុសច្បាប់ និងគ្មានមូលដ្ឋាន» ហើយបាននិយាយថា ក្រសួងកិច្ចការអ្នកប្រើប្រាស់ បានដាក់ចេញការពិន័យនេះ ព្រោះហេតុផលនយោបាយ។
សមាគមផ្នែកអាកាសចរណ៍ Panish ALA បាននិយាយថា ជាសម្រេចចិត្ត «មិនសមហេតុផល» ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ មានគុណវិបត្តិ ក្នុងការប្រកួតប្រជែង ហើយបញ្ជាក់ថា ពួកគេនឹងប្តឹងឧទ្ធរណ៍។ ALA បានបន្ថែមថា ច្បាប់ដាក់ឥវ៉ាន់ នឹងនៅតែមិនផ្លាស់ប្តូរ រហូតដល់តុលាការសម្រេច។ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ក៏បានថ្កោលទោស នូវអ្វីដែលខ្លួនហៅថា «ការសម្រេចចិត្ត ដ៏គួរឱ្យរន្ធត់»។
យ៉ាងណាមិញ សមាគមសិទ្ធិអ្នកប្រើប្រាស់ Facua ដែលបានធ្វើយុទ្ធនាការប្រឆាំងនឹងថ្លៃសេវានេះ បានសាទរចំពោះការសម្រេចចិត្តនេះថា ជា «ប្រវត្តិសាស្ត្រ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត