អាជ្ញាធរខណ្ឌច្បារអំពៅ ផ្សព្វផ្សាយ និងចែកលិខិតណែនាំ ដល់អាជីវករ ឱ្យបញ្ឈប់លក់ដូរលើផ្លូវ៣៦៩ និងផ្លូវជាតិលេខ១
(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានអនុវត្តតាមសេចក្តីជូនដំណឹង ដោយបានចុះផ្សព្វផ្សាយ និងចែកលិខិតណែនាំដល់បងប្អូនអាជីវករ ដែលកំពុងធ្វើអាជីវកម្ម លើចិញ្ចើមផ្លូវសាធារណៈ តាមបណ្តោយផ្លូវផ្លូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី២ និងផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ ក្នុងខណ្ឌច្បារអំពៅ ឱ្យបញ្ឈប់នូវការលក់ដូរទាំងឡាយនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈជាបន្ទាន់ ។
តាមរយៈសេចក្តីជូនដំណឹង អាជ្ញាធរខណ្ឌច្បារអំពៅ សូមបងប្អូនអាជីវកទាំងអស់មេត្តាចូលរួមអនុវត្ត និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាបាន នូវអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ។
ក្នុងសេចក្ដីជូនដំណឹង អាជ្ញាធរខណ្ឌ បានទុករយៈពេល ៣ថ្ងៃ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានយកចិញ្ចើមផ្លូវ លេខ៣៦៩ ចាប់ពីគល់ស្ពានមុនីវង្ស រហូតដល់មាត់ទន្លេ តំបន់ច្រាំងបាក់ និងតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្ស រហូតដល់ធនាគារ ABA ក្នុងភូមិសាស្រ្ដ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
ផុតរយៈពេល ៣ថ្ងៃ រដ្ឋបាលខណ្ឌច្បារអំពៅ ចុះរៀបចំសណ្តាប់ធ្នាប់ ដោយរើទំនិញគ្រប់ប្រភេទ ដែលដាក់តាំងលក់លើចិញ្ចើមផ្លូវ បណ្តាលឱ្យបែកបាក់ ឬខូចខាត អាជ្ញាធរខណ្ឌ មិនទទួលខុសត្រូវនោះឡើយ ៕
ដោយ ៖ វណ្ណលុក