អភិបាលរងខេត្តកំពង់ឆ្នាំងអញ្ជើញសួរសុខទុក្ខដល់កងកម្លាំងកំពុងប្រចាំការការពារនៅទីតាំងស្នាក់ការហ្វឹកហ្វឺន បាញ់គ្រាប់ពិត
កំពង់ឆ្នាំង៖លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែវិច្ឆិកា បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលកំពុងឈរជើងការពារ នៅទីតាំងស្នាក់ការហ្វឹកហ្វឺន បាញ់គ្រាប់ពិត និងដីបង្កបង្កើនផលរបស់អង្គភាពសឹករងខេត្ត ក្នុងភូមិសាស្ត្រតំបន់ភ្នំពាមលោក ភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ក្នុងឱកាសនេះដែរលោកអភិបាលខេត្តបាននាំយកសម្ភារ: និងគ្រឿងឧបភោគ បរិភោគរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀតនិង ភួយទៅចែកជូនផងដែរ។
លោកវរសេនីយ៍ទោ ប៊ី រស្មីចន្នី មេបញ្ជាការរងបានបញ្ជាក់ថា ដីបង្កបង្កើនផលរបស់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបែងចែកជូនគ្រប់បណ្តាកងឯកភាពវរសេនាតូចលេខ១ ផ្នែកសឹករងក្រុង/ស្រុក ទាំង៨ កងអនុសេនាធំលេខ៤ និង ការិយាល័យ ផ្នែកចំណុះ ធ្វើការដាំដំណាំផ្សេងៗ ដូចជា ដំឡូងមី ដំឡូងជ្វា ពោត… ទទួលបានទិន្នផលល្អប្រសើរនិងកំពុងប្រមូលផលជាបន្តបន្ទាប់ ដើម្បីដោះស្រាយការចំណាយរបស់អង្គភាពផង និងដោះស្រាយជីវភាពប្រចាំថ្ងៃរបស់កងទ័ពផង ៕
ដោយ៖សុខ គឹមសៀន