ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំនាំអំណោយសម្តេចធិបតី និងលោកជំទាវ ទៅជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន
កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការីកាលពីថ្ងៃទី២២ ខែវិច្ឆិកាបានអញ្ជើញសាកសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនប្រជាការពារជាអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតចំនួន ២២ គ្រួសារកំពុងរស់នៅនៅលើសម្បទានសង្គមកិច្ច ភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
អំណោយមាន អង្ករ មី ទឹកត្រី និងត្រីខកំប៉ុង ។ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំក៏បានអញ្ជើញចុះតាមផ្ទះ ដើម្បីស្វែងយល់ពីទុក្ខលំបាករបស់បងប្អូនអតីតយុទ្ធជន ខណៈពេលមកការកសាងជីវភាពរស់នៅលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រុមគ្រួសារអតីតយុទ្ធជន១៤១ គ្រួសារ សុទ្ធសឹងតែមានជីវភាពខ្វះខាត បានចាប់ឆ្នោតទទួលបានដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារចំនួន១ហិកតាកន្លះ និងផ្ទះថ្មីមួយខ្នងទំហំ៥ម៉ែត្រគុណនិង៧ ម៉ែត្រ ៕
ដោយ៖ ប៊ុន រដ្ឋា