អាជ្ញាធរជាតិអប្សរា ៖ ការជួសជុលប្រាង្គ G15 នៃប្រាសាទ ភ្នំបាខែង គ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៤
(ភ្នំពេញ)៖ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលបានជួសជុលប្រាង្គ G15 នៃប្រាសាទភ្នំបាខែង ដោយបានចាប់ផ្តើម កាលពីខែឧសភានោះ គ្រោងនឹងបញ្ចប់ការជួសជុលរបស់ខ្លួននៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ។
អ្នកស្រី ឈុន រតនា អ្នកបុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា៖ ការងារជួសជុលប្រាង្គ G15 រយៈពេល៦ខែ កន្លងនេះ បានសម្រេចបាននូវការងារដូចជា ជួសជុលជញ្ជាំងផ្នែកខាងក្នុង ជួសជុលខ្លោងទ្វារទិសខាងកើត ជួសជុលពង្រឹងខឿនខាងត្បូង និងកំពុងបន្តពន្លឿនការងារជួសជុលជញ្ជាំងផ្នែកខាងត្បូង ខាងជើងមកដល់បច្ចុប្បន្ន សម្រេចការងារសរុបបានប្រមាណ ៩៥ភាគរយហើយ។
អ្នកស្រី រតនា ឱ្យដឹងទៀតថា ប្រាង្គនេះមានហានិភ័យខ្លាំង ១ក្នុងចំណោមប្រាង្គដែលសាងអំពីថ្មបាយក្រៀម និងឥដ្ឋ ដែលទាមទារឱ្យជួសជុលជាបន្ទាន់ ដើម្បីឲ្យជញ្ជាំងឥដ្ឋដែលនៅសល់ដួលរលំ។
អ្នកជំនាញរូបនេះ បញ្ជាក់ថា មុនជួសជុល ប្រាង្គ G15 មានស្ថានភាពខូចខាតដោយសារអាយុកាល កង្វះការថែទាំ រុក្ខជាតិដុះជ្រែកឥដ្ឋប្រាសាទ និងកត្តាទឹកភ្លៀងជ្រាបចូលរចនាសម្ពន្ធប្រាសាទ ធ្វើឱ្យប្រាសាទរងការពុកផុយនៅផ្នែកកំពូលខាងលើ និងនៅតាមជ្រុងនីមួយៗជាបន្តបន្ទាប់។ ដូច្នេះហើយ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានជួសជុលទប់ស្កាត់ការខូចខាតជាបន្តទៀត ដើម្បីការពារជម្រាបទឹក ការពាររុក្ខជាតិដុះ ដើម្បីឱ្យប្រាង្គនេះ មានភាពរឹងមាំយូរអង្វែងបន្តទៀត៕
ដោយ ៖ ម៉ាដេប៉ូ