ម​ហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោ​បាយ​អាស៊ី លើ​ក​ទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរយៈពេល ៣ថ្ងៃ បានបញ្ចប់​ដោយ​ជោគជ័យ

(ភ្នំពេញ)៖ មហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោ​បាយ​អាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និង​ការ​ផ្សះ​ផ្សា» ដែលធ្វើឡើងរយៈពេល៣ថ្ងៃ នៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ ​នៅព្រឹក​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតី​ភាព​សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី ១២ ដោយមាន​ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ICAPP និងបណ្តាថ្នាក់​ដឹក​នាំ និងតំណាង​គណបក្សនយោបាយ មកពី ៤៥ប្រទេស ។

នៅក្នុងពិធីបិទមហាសន្និបាតរយៈពេល ៣ថ្ងៃ មានការអានរបាយការណ៍​ស្តីពី​លទ្ធផលនៃសម័យប្រជុំពេញអង្គ ដោយលោក Kwon Hee-seong អគ្គលេ​ខាធិការ ICAPP, អានរបាយការណ៍ ស្តីពីលទ្ធផលកិច្ចប្រជុំតុមូល ដោយ​លោកជំទាវ អុឹង កន្ថាផាវី សមាជិកគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា, អានរបាយ​ការណ៍ស្តីពីលទ្ធផល នៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី លើកទី៣ ដោយលោកជំទាវ ភឿង សកុណា, អានរបាយការណ៍ ស្តីពីលទ្ធផល​នៃកិច្ច​ប្រជុំវេទិកាសារព័ត៌​មាន ​លើក​ទី៧ ដោយឯកឧត្តម នេត ភក្ត្រា សមាជិកគណៈ​ប្រតិភូ គណបក្សប្រជាជន​កម្ពុជា និងការអាន និងការអនុម័ត នូវសេចក្តីថ្លែង​ការណ៍​សន្តិភាពទីក្រុងភ្នំពេញ ដោយឯកឧត្តម Mushahid Hussain Sayed សហប្រធានគណៈកម្មាធិការ​អចិន្ត្រៃយ៍ ICAPP និងជាអ្នករាយ​ការណ៍ពិសេស ICAPP ។ ថ្នាក់ដឹកនាំមបានថ្លែងថា កិច្ចប្រជ៉ំពិភាក្សា បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការដើម្បីកសាងសន្តិភាព និងការផ្សះផ្សា បានទទួលយក នូវទស្សនៈនានា ស្វែងរកបញ្ហាប្រឈមនានា ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែង នូវការកោតសរសើរចំពោះ​ការគណកម្មាធិការរៀបចំ ICAPP ជាពិសេសចំពោះការរួមគ្នាស្វែងរកសន្តិភាព ការលើកកម្ពស់ការផ្សះផ្សា សំរាប់ផលប្រយោជន៍មនុស្សជាតិ។

សម្តេចធិបតី បានបន្តថា ការបង្រួមបង្រួមជាតិនៅកម្ពុជា ដោយនយោបាយ ឈ្នះ ឈ្នះ បានធ្វើឲ្យកម្ពុជាបានបន្តការខិតខំប្រឹងប្រែងរក្សាសន្តិភាព។ សម្តេចធិបតី បានបន្តថា ការចូលរួមចំណែករបស់កម្ពុជា លើឆាកអន្តរជាតិ ជាពិសេសកងទ័ពមួកខៀវកម្ពុជាក្រោមឆ័ត្រអង្កការសហប្រជាជាតិបានចូលរួមដោះមីន ចូលរួមរក្សាសន្តិភាពពិភពលោក សបញ្ជាក់ឲ្យឃើញថា កម្ពុជាធ្លាប់ជាប្រទេសរងគ្រោះដោយសារសង្រ្គាម ដោយសារមីន តែពេលនេះកម្ពុជាក្លាយជាប្រទេសចូលរួមដោះមីន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវ សូមឲ្យបណ្តាបក្សនយោបាយ បណ្តាថ្នាក់ដឹកនាំពិភពលោក សូមចូលរួមរក្សា សន្តិភាពពិភពលោក។ សម្តេច បានថ្លែងអរគុណចំពោះ ការចូលរួមរបស់ភាគីពាក់ព័ន្ធ​ដែលបានធ្វើឲ្យ​កិច្ច​សន្និសិទអន្តរជាតិ នៃបណ្តាបក្សនយោបាយនៅអាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់​ផ្ទះ​នាពេលនេះទទួលបានជោគជ័យប្រកបដោយផ្លែផ្កា ក្រោមម្លប់សន្តិភាព​ និងសុវត្ថិភាពរបស់កម្ពុជា ។

ជាមួយគ្នានេះ ICAPP បានប្រកាសអំពីពានរង្វាន់ ICAPP Asian Century Award និងម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី១៣ ឆ្នាំ២០២៦ ដោយឯកឧត្តម Chung Eui-yong ប្រធានគណៈកម្មាធិការ។ ការប្រកាសប្រគល់ទង់ ICAPP ជូនឯកឧត្តម Cho Jeong-sik សមាជិកគណៈកម្មការ អចិន្ត្រៃយ៍ និងជាតំណាងគណបក្សកម្លាំងប្រជាជន ដែលទទួលធ្វើជាប្រធាន មហាសន្និបាត ICAPP មហាសន្និបាតលើកទី១៣ ឆ្នាំ២០២៦ ។

សូមរំលឹកថា មហាសន្និបាត ICAPP លើកទី១២ ត្រូវបានបើកជាផ្លូវការ​នៅថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិ​យ​ស​មហាសន្និបាត ICAPP លើកទី១២ និងជាប្រធានគណ​បក្ស​ប្រជាជន​កម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ ដោយមានការអញ្ជើញ​ចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ ICAPP និងថ្នាក់ដឹកនាំ ក៏ដូចជា តំណាងគណបក្សនយោបាយ មកពី ៤៥ប្រទេស ។

បន្ទាប់ពីពិធីបើកជាផ្លូវការហើយនោះ កិច្ចប្រជុំនានា ក៏បានប្រព្រឹត្តទៅតាមកម្ម​វិធី​ដែល​បានគ្រោងទុករួមមាន៖ សម័យប្រជុំពេញអង្គចំនួន ៣វគ្គ, កិច្ចប្រជុំតុមូលនៃ​គណ​បក្សនយោបាយអន្តរតំបន់ ក្រោមប្រធានបទ «តួនាទីគណបក្សនយោបាយ ​ក្នុងការ​កសាងសន្តិភាព និងការផ្សះផ្សា», កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី​លើកទី​៣ ក្រោមប្រធានបទ «ភាពចម្រុះនៃវប្បធម៌សម្រាប់ការលើកកម្ពស់សន្តិភាព និងការ​ផ្សះផ្សា», កិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធាន​បទ «ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព» ។ នៅក្នុងមហាសន្និបាតនេះ ក៏មានការចុះហត្ថលេខា លើអនុស្សារណៈ ​នៃការ​យោគយល់​រវាង ICAPP និងសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិ​ភាព (IPTP), ICAPP និងអន្តរសភាអាស៊ាន (AIPA) ។

សូមបញ្ជាក់ថា មហាសន្និបាត ICAPP លើកទី១២ មានការអញ្ជើញចូលរួម​គណៈប្រតិភូចំនួន២៦៣រូប ក្នុងនោះប្រតិភូអន្តរជាតិមានចំនួន ៩៩រូប និងប្រតិភូ​កម្ពុជាចំនួន ៦៤រូប (គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ៤៦រូប និង​គណៈប្រតិភូគណបក្សហ៊្វុនស៊ិច ១៨រូប)។ ក្នុងនោះក៏មានការអញ្ជើញ​ចូលរួម​ពីគណបក្សចំនួន ៦២គណបក្សនយោបាយ ក្នុងនោះ គណបក្សនយោ​បាយ​ចំនួន៥១ មកពីអាស៊ី, គណបក្សនយោបាយចំនួន៤ មកពីអាហ្វ្រិក និងគណបក្ស​នយោបាយចំនួន៧ មកពីអាមេរិកឡាទីន, ក្រុមគណបក្ស​នយោបាយនៅអឺរ៉ុប គឺ​តំណាងដោយអ្នកប្រជាធិបតេយ្យនិយមកណ្តាល ( CDI ) និង មាន៤៥​ប្រទេស​ចូលរួម ។

ចំពោះស្ថាប័ននៃដៃគូសង្កេតការណ៍ គឺអ្នកប្រជាធិបតេយ្យនិយមកណ្តាល អាយប៉ា តំណាងអង្គការយូណេស្កូ តំណាងអគ្គលេខាធិកា​រអង្គការ​សហ​ប្រជាជាតិ តំណាង​គណបក្សនយោបាយនៅអាហ្វ្រិក តំណាង​គណបក្ស​នយោបាយ ​នៅតំបន់សមុទ្រ​ខ្មៅ និងបណ្តាគណបក្ស​នយោ​បាយដែល​មកពីបណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ និងមានតំណាង​សារព័ត៌មានសំខាន់ៗ មកពី ១៥ប្រទេសចូលរួមផងដែរ ។

មហាសន្និបាត ICAPP លើកទី១២ ជាវេទិកាមួយបង្ហាញ នូវសាមគ្គីភាព នៃបណ្តា​គណបក្ស​នយោបាយនៅអាស៊ី ក្នុងសភាពការណ៍នៃសន្តិសុខពិភពលោកថ្មី ក្នុង​សភាពការនៃការបម្រែបម្រួលអាកាសធាតុ និងដើម្បីរួបរួមគ្នា ដើម្បីឆ្ពោះទៅកសាង​សន្តិភាពមួយ នៅលើផ្លូវនៃគណបក្សនយោបាយ ដែលគោរពតាម អត្តសញ្ញាណវប្បធម៌រៀងៗខ្លួន ហើយជាពិសេស គោរពបាននូវអធិបតេយ្យភាព និងឯករាជ្យ​ភាព​នៃបណ្តាគណបក្សនយោបាយ ដែលតំណាងឱ្យប្រទេស ទាំងគណបក្ស​នយោបាយ​ដឹ​កនាំអំណាច និងគណបក្សនយោបាយ ដែលជាសម្ព័ន្ធភាព និងគណបក្សតូចៗ ​ដែលមានកៅអី នៅក្នុងរដ្ឋសភា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner