សិស្សទើបបញ្ចប់ការសិក្សាជាង ១,៤០០នាក់ ប្រឡងអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅសាកលវិទ្យាល័យវេស្ទើន
ភ្នំពេញ ៖ សិស្សានុសិស្សដែលទើបប្រឡងជាប់បាក់ឌុបប្រមាណជាង ១,៤០០នាក់ នៅថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០២៤ បានចូលរួមប្រឡងអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងជំនាន់ទី២២ របស់សាកលវិទ្យាល័យវេស្ទើន។
លោកបណ្ឌិត កៀង រតនា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវេស្ទើន បានមានប្រសាសន៍ថា ការប្រឡងអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនេះ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ បន្ទាប់ពីការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុបទី១២) រួច ដែលឱកាសនេះ ជាពេលវេលាមួយដែលប្អូនៗទើបបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ត្រូវបន្តចូលថ្នាក់ឧត្តមសិក្សា ហើយត្រូវជ្រើសរើសជំនាញអាជីពមួយបន្តការសិក្សា សម្រាប់រកឱកាសការងារក្រោយពេលបញ្ចប់។
លោកបណ្ឌិត កៀង រតនា បន្តថា តាមរយៈការប្រឡងនេះ សាកលវិទ្យាល័យវេស្ទើន បានបើកទទួលពាក្យស្នើសុំចូលប្រឡងប្រមាណជាង១៤០០នាក់ ដែលក្នុងនោះបេក្ជជនប្រឡងនៅទីតាំងទួលគោក មានប្រមាណជាង ១,០០០នាក់ និងទីតាំងស្ទឹងមានជ័យ មានបេក្ខជនជាង៤០០នាក់។ ក្នងនោះ បេក្ខជនបានដាក់ពាក្យប្រឡងលើ១៨មុខជំនាញ សំខាន់ៗដែលសាកលវិទ្យាល័យវេស្ទើន កំពុងបណ្តុះបណ្តាល និងមានបទពិសោធន៍ចាស់វស្សាក្នុងការបណ្តុះមូលធានមនុស្សជាង២០ឆ្នាំកន្លងមកនេះ។
លោកបណ្ឌិតសាកលវិទ្យាធិការបន្ថែមថា ការរៀបចំឲ្យមានការប្រឡងអាហារូបករណ៍ជារៀងរាល់ឆ្នាំនេះ គឺជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន ដែលឈរលើគោលការណ៍សិស្សកាន់តែពូកែបង់ប្រាក់កាន់តែតិច ហេតុដូចនេះហើយទើបសាកលវិទ្យាល័យវេស្ទើន បានរៀបចំឲ្យមានការផ្តល់ជូនអាហារូបករណ៍ជូនសិស្សទាំងអស់ដែលបានដាក់ពាក្យប្រឡងអាហារូបករណ៍នេះ។
ជាពិសេស ដោយបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល សាកលវិទ្យាល័យវេស្ទើន បានអនុវត្តនូវពាក្យស្លោករបស់ក្រសួងអប់រំ យុវជន និងកីឡា គឺ៖ អ្នកចេះ គឺជាប់ ដែលនេះបង្ហាញថា អាហារូបករណ៍ដែលបេក្ខជនទទួលបាន គឺសុទ្ធតែចេញពីការខិតខំ ប្រឹងប្រែងរៀនសូត្រ និងព្យាយាមដើម្បីទទួលបានលទ្ធផលល្អ៕ អត្ថបទ ៖ ឈឹម ទីណា