ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា
(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្តើមដំណាលគ្នា ដោយមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូបដោយ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។
មានប្រសាសន៍ជូនបេក្ខជនក្នុងបន្ទប់ប្រឡង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា “វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ត្រូវបានជ្រើសរើសចំនួន ១០សំណួរ ចេញពីជម្រើសវិញ្ញាសាចំនួន ២០សំណួរ។ ដោយឡែកវិញ្ញាសាសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវបានជ្រើសរើសចេញពីជម្រើសវិញ្ញាសាចំនួន ៣ផ្សេងគ្នា មកជាវិញ្ញាសាតែមួយ។” ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គ្រប់សន្លឹកវិញ្ញាសាទាំងអស់ ត្រូវមានហត្ថលេខារបស់ឯកឧត្តមដោយផ្ទាល់។
សូមជម្រាបជូនថា បេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ៥,៦៣៧នាក់ មកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស ដោយត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ៣ប្រភេទ៖ ១.វិញ្ញាសាសរសេរជំនាញកសិកម្ម ២.វិញ្ញាសាសរសេរភាសាអង់គ្លេស ៣.វិញ្ញសាពហុចម្លើយ។
ស្របពេលជាមួយគ្នានេះដែរ បេក្ខជនដែលចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន ១០៩នាក់ ត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាចំនួន ៣ប្រភេទ៖ ១.វិញ្ញាសាសរសេរជំនាញព័ត៌មានវិទ្យា, គ្រប់គ្រងធនធានមនុស្ស, គណនេយ្យ និងហិរញ្ញវត្ថុ ២.វិញ្ញាសាសរសេរភាសាអង់គ្លេស ៣.វិញ្ញាសាពហុចម្លើយ។ ការប្រឡងប្រជែងបានចាប់ផ្តើមដំណាលគ្នា នាវេលាម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង៦ល្ងាច លើវិញ្ញសាសរសេរ ពហុជ្រើសរើសជំនាញ និងពហុជ្រើសរើស ភសាអង់គ្លេស និងវប្បធម៌ទូនៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា