វេទិកាបញ្ចេញទស្សនៈលើកទី១៨ ស្តីពី «យុវជន ប្តេជ្ញារួមគ្នាបញ្ចប់​បញ្ហា​អេដស៍នៅកម្ពុជា» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍»

(ព្រះសីហនុ)៖ វេទិកាបញ្ចេញទស្សនៈ ស្ដីពី «យុវជន ប្តេជ្ញារួមគ្នាបញ្ចប់បញ្ហា​អេដស៍នៅកម្ពុជា» ដោយមានការបកស្រាយពីវាគ្មិនជាយុវជនកាក​បាទក្រហម​កម្ពុជា ចំនួន ៨រូប ក្នុងនោះយុវជនមកពីសាខាកាកបាទក្រហមកម្ពុជា ខេត្ត​សៀមរាប ៤រូប និងមកពីសាខាខេត្តព្រះសីហនុ ៤រូប ព្រមទាំងមានវាគ្មិន​ជំនួយទាំងសងខាងចំនួន ៨រូប នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

កិច្ចពិភាក្សានេះ បានប្រារព្ធធ្វើឡើងដោយមានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ធ្វើជាម្ចាស់ផ្ទះ មានការអញ្ជើញជាអធិបតីពីសំណាក់ លោក​ជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជា​អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជា​ឥស្ស​រជន​ឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ។

លោកជំទាវ ម៉ែន នារីសោភ័គ បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះអង្គវេទិកាទាំងមូល និងបានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃវេទិកានេះគឺ៖
១. ផ្តល់ការយល់ដឹងដល់សាធារណជនបានយល់ដឹងពីសារៈសំខាន់​នៃការចូលរួមទប់ស្កាត់ជំងឺអេដស៍។
២. ផ្តល់ភាពអង់អាចដល់យុវជនក្នុងការបញ្ចេញទស្សនៈរបស់ខ្លួន ចូលរួមចំណែកដោះស្រាយបញ្ហាដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។
៣. បណ្តុះឆន្ទៈយុវជន ក្នុងការប្តេជ្ញាយ៉ាងខ្លាំងក្លាក្នុងយុទ្ធនាការរួមកម្លាំងគ្នា​ជាចរន្តជាតិតែមួយជាមួយរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា សង្គមស៊ីវិល ឈានឆ្ពោះការបញ្ចប់អេដស៍នៅកម្ពុជា។
៤. ជំរុញលេីកទឹកចិត្តយុវជនកម្ពុជា ឱ្យក្លាយជាកត្តាលីករនៃការផ្លាស់ប្តូរ​ឥរិយាបថ​​ជាវិជ្ជមាន បំពេញភារកិច្ចមិត្ត-អប់រំ-មិត្ត មិត្ត-ជួយ-មិត្ត , ឱ្យយុវជន​និយាយថាទេចំពោះគ្រឿងញៀន បារីអេឡិចត្រូនិច គ្រឿងស្រវឹង ល្បែងពាលា​ជាដេីម។
៥. លេីកកម្ពស់មនសិការយុវជនក្នុងការខិតខំរៀនសូត្រ ដេីម្បីចំណេះដឹង សមត្ថភាព មានគុណធម៌ មានសុខភាពល្អ ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ក្នុងសុខសន្តិភាព។

សូមបញ្ជាក់ថា ខ្លឹមសារនៃវេទិកាបញ្ចេញទស្សនៈដែលបកស្រាយដោយវាគ្មិន​ជាយុវជនទាំង ៨រូបខាងលើនេះ បានផ្តោតលើ៖ ១. ស្នាដៃ និងគំរូវីរភាពរបស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអង្គការសហប្រជាជាតិ បាន​សម្រេចប្រគល់ពានរង្វាន់វេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយ​តបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ជូនសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៩ (៣ឆ្នាំ បន្ទាប់ពីទទួលបាន​គោរមងារ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦)។ ២. ការយល់ឃើញរបស់យុវជន​ចំពោះគំរូវីរភាពការងារ និងស្នាដៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ៣. ការយល់ឃើញរបស់យុវជនពីកត្តាដែលនាំឱ្យយុវជនប្រឈម​នឹងការឆ្លងមេរោគអេដស៍។ ៤. ការប្រកាន់ខ្ជាប់នូវឥរិយាបថ ដើម្បីជៀសវាងនូវ​ការ​ចម្លងមេរោគអេដស៍ក្នុងចំណោមយុវជន។ ៥. ឥរិយាបថរបស់យុវជន​ចំ​ពោះ​អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍។ ៦. ផលអវិជ្ជមានចំពោះ​សង្គមជាតិ ប្រសិនបើមានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ឬមាន​ការផាត់ចេញពីសង្គម នូវក្រុមប្រជាជនគន្លឹះមួយចំនួនដូចជា៖ ក្រុមបុរស​ស្រ​ឡាញ់​បុរស និងក្រុមបំប្លែងភេទ -ល-។ និងទី៧. តួនាទី និងភារកិច្ច រួមជាមួយ​ការអំពាវនាវរបស់យុវជន ក្នុងការចូលរួមបញ្ចប់ជំងឺអេដស៍នៅកម្ពុជា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner