ក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់មហាជនថ្កោលទោសក្រុមជ្រុលនិយម អំពីនយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ ដែលមានចរិតជា «ភេរវកម្ម»
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់មហាជនខ្មែរ បណ្តាសម្ព័ន្ធភាពគណបក្សនយោបាយនៅកម្ពុជា ចូលរួមថ្កោលទោស និងបន្តរួមគ្នា «កម្ចាត់នយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ ទាំងនេះឱ្យអស់ចេញពីកម្ពុជា និងអំពាវនាវដល់បណ្តាស្ថាប័ន្ធជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងផ្លូវច្បាប់ គ្រប់លំដាប់ថ្នាក់ ចាត់វិធានតាមផ្លូវច្បាប់ ឱ្យបានតឹងរ៉ឹងចំពោះក្រុមជ្រុលនិយម ហួសហេតុ ដើម្បីទប់ស្កាត់ និងបង្ការ បង្រ្កាបឱ្យបានជាដាច់ខាតក្នុងការផ្តល់សិទ្ធិជូនប្រជាពលរដ្ឋក្នុងការចូលរួមចំណែកកសាង។ យុវជនសង្គមស៊ីវិលក៏បានធ្វើការអំពាវនាវដល់បណ្តាស្ថាប័នជាតិ និងអន្តរជាតិ ចាត់ទុកក្រុមជ្រុលនិយម ដឹកនាំដោយទណ្ឌិតក្បត់ជាតិ ជាក្រុម «ភេរវកម្ម»។ ការអំពាវនាវនេះ ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីបណ្តាលបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល និងក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា។
មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល លោក ហេង សំណាង បានគូសវៀសដោយភ្ជាប់នូវសក្ខីកម្មជាច្រើនរបស់ក្រុមជ្រុលនិយម ចំពោះទណ្ឌិត្បត់ជាតិ៣ជំនាន់ ដែលនិយមប្រើនយោបាយបោកបញ្ឆោត ញុះញង់ លាបព័ណ៌ ប្រឌិតក្រឡៃព័ត៌មានជាដើម ដោយបង្កើតបញ្ហាអស់ពីរឿងមួយចូលរឿងមួយមិនចេះដាច់ ដែលជាកត្តាដើមចមធ្វើឲ្យមានចរិតខ្មៅកខ្វក់។ ថ្មីនេះៗ ក្រុមជ្រុលនិយម ដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ ជាក្រុមឧទ្ទាមក្រៅច្បាប់និងបក្សពួកគេមួយក្តាប់តូច បានបង្កើត «ចលនាជាតិតស៊ូ» សំណួរសួរថា តើតស៊ូដោយរបៀបណា តាមវិធីសាស្រ្តណា? បើពួកគេជាទណ្ឌិតខុសច្បាប់ ដូចនេះតាមសំណេរ និងវិឌីអូរបស់ពួកគេតែងតែ ដុតបញ្ឆេះកំហឹង ដល់ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន ឱ្យងើបប៉ះបោល បង្វែរចុងការណុងកាំភ្លើង ប្តួររំលំរាជរដ្ឋាបាល ។ល។ តើដូចនេះបើមិនចាត់ទុកថាជាអំពើ «ភេរវកម្ម» តើចាត់ទុកជាអ្វី?
ដោយឡែក លោក ជុំ ហាក់ ប្រធានបណ្តាញសមាគមយុវជនខ្មែរមហានគរ បានបន្ថែមថា នយោបាយ «ភេវរកម្ម» នេះ ពិតជាអាចមានគ្រោះថ្នាក់ដល់សុខសន្តិភាព និងការអភិវឌ្ឍ ពិតណាស់ បើគ្មានចំណាត់ការ និងវិធានច្បាស់លាស់ពីអាជ្ញាធរគ្រប់់លំដាប់ថ្នាក់ទេ កម្ពុជាអាចនឹងអាចជួបភ្លើងសង្រ្គាមម្តងទៀត ដោយសារនយោបាយខ្មៅកខ្វក់របស់ទណ្ឌិតក្បត់ជាតិជ្រុលនិយម។ ពិសេសប្រជាជនខ្មែរ និងអន្តរជាតិ បានដឹងអំពីគុណតម្លៃ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជា ទើបអាចមានសន្តិភាព សេ្ថរភាព មកដល់សព្វថ្ងៃ។
ចំពោះយុវតី បញ្ញា ប្រធានសមាគមស្រ្តីដើម្បីវឌ្ឍនភាពសង្គម បានរៀបរាប់អំពីនយោបាយទុច្ចរិត របស់ក្រុមជ្រុលនិយមនេះ គឺត្រូវតែនាំគ្នាកម្ចាត់ឱ្យអស់ និងកុំឱ្យមាន នៅក្នុងប្រទេសកម្ពុជា ដើម្បីធានាបានសន្តិភាពឱ្យខានតែបាន ក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយ ក្រុមយុវជនសង្គមស៊ីវិលបន្តប្តេជ្ញាចូលរួមឆ្លើយតបវាយបកគ្រប់រូបភាពចំពោះក្រុមជ្រុលនិយម ពិសេសអំពាវនាវដល់មហាជនខ្មែរ បណ្តាសម្ព័ន្ធភាពគណបក្សនយោបាយ នៅកម្ពុជា ចូលរួមថ្កោលទោស និងបន្តរួមគ្នា «កម្ចាត់នយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ ទាំងនេះឱ្យអស់ចេញពីកម្ពុជា»៕
ដោយ៖ពលជ័យ