អាជ្ញាធរមីនប្រារព្ធពិព័រណ៍អបអរកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន រយៈ៥ថ្ងៃនៅខេត្តសៀមរាប
ភ្នំពេញ៖កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ានឹងប្រារព្ធចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាបដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ទន្ទឹមនឹងព្រឹត្តិការណ៍អាជ្ញាធរមីនក៏បានរៀបចំការតាំងពិព័រណ៍រយៈពេល៥ថ្ងៃដែលផ្តល់ឱកាសឱ្យសាធារណៈជនទស្សនាដោយសេរីផងដែរ។
អាជ្ញាធរមីនបញ្ជាក់ថាពិព័រណ៍អបអរកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា នៅសណ្ឋាគារ សុខា សៀមរាប ។អាជ្ញាធរមីនបន្ថែមថា ព្រឹត្តិការណ៍នៃពិព័រណ៍នេះផ្តល់ឱកាសក្នុងការរៀនសូត្រ, ចែករំលែកចំណេះដឹង និងជួបជុំជាមួយអ្នកជំនាញប្រតិបត្តិករក្នុងវិស័យមីនទាំងក្នុង និងក្រៅប្រទេស ដើម្បីស្វែងយល់ពីសមិទ្ធផល, និងដំណោះស្រាយច្នៃប្រឌិតពីដំណើរឆ្ពោះទៅពិភពលោកមួយដែលគ្មានមីនរបស់ប្រទេសកម្ពុជា។

ដោយឡែកនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន រួមនិងថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ រៀបចំពិធីសូត្រមន្តក្រុងពលីនៅមុខប្រាសាទបាយ័ន នៃទឹកដីខេត្តសៀមរាប ដើម្បីថ្វាយគ្រឿងសក្ការៈជូនបុព្វបុរសខ្មែរ ម្ចាស់ទឹកម្ចាស់ដីប្រារព្ធកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ឬកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖មុនី



