កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍“ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន – March For A Mine-Free World” ចំងាយ៤គីឡូម៉ែត្រ
ក្នុងឋានៈកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំង មនុស្ស (អនុសញ្ញាអូតាវ៉ា) ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ពិសេសៗមួយចំនួន ក្នុងនោះមាន “ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន – March For A Mine-Free World” នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយចេញដំណើរចាប់ពីមុខប្រាសាទអង្គរវត្ត ទៅដល់ទីលានជល់ដំរី ក្នុងរយៈចំងាយ៤ គីឡូម៉ែត្រ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនមានប្រសាសន៍ថាការដើរដង្ហែក្បួននេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយសម្រាប់វិស័យសកម្មភាពមីនសកល ក្នុងការអំពាវនាវ និងជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមទៅកាន់ពិភពលោក ដើម្បីបញ្ចប់ការរងគ្រោះ និងទុក្ខវេទនា បង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលមានអ្នកចូលរួមប្រមាណជា ៣០០០ នាក់ រួមមាន គណៈប្រតិភូជារដ្ឋភាគី១៦៤ប្រទេស រដ្ឋមិនមែនភាគី ស្ថាប័នអន្តរជាតិជុំវិញពិភពលោក ក្រសួង/ស្ថាប័នកម្ពុជា តំណាងស្ថានទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករសកម្មភាពមីន មន្រ្តីរាជការ វិស័យឯកជន សិល្បៈករ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធក្នុងខេត្ត។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបន្តថា“ការដើរដង្ហែក្បួននេះ គឺដើម្បីបង្ហាញនូវអារម្មណ៍សោកសៅយ៉ាងខ្លាំង ក៏ដូចជាការក្រើនរលឹក និងបំផុសស្មារតីទៅកាន់ពិភពលោក ក្នុងការរួមគ្នាបញ្ចប់នូវទុក្ខវេទនា និងការរងគ្រោះថ្នាក់ បង្កដោយសារគ្រាប់មីនប្រឆាំងមនុស្ស។ យើងគ្មានអ្វីដែលត្រូវមានមោទនភាពចំពោះការចូលរួមរាប់រយពាន់នាក់ក្នុងកម្មវិធីជួបជុំដើរដង្ហែក្បួននោះទេ ខណៈពេលដែលប្រជាជនរាប់សិបម៉ឺននាក់ បានរងគ្រោះរួចទៅហើយ ប្រជាជនរាប់លាននាក់ កំពុងជួបភាពវ៉ឹកវរដោយសារសង្រ្គាម និងប្រជាជនរាប់លាននាក់កំពុងទទួលផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ។ ជាការពិតណាស់ ខណៈពេលដែលយើងនឹងជួបជុំនៅខេត្តសៀមរាប ប្រជាជនមួយចំនួនពុំមានឱកាសដូចយើង ក្នុងការបញ្ចេញសំឡេងទៅកាន់ពិភពលោក ដើម្បីទាមទារឱ្យមានយុត្តិធម៌នោះទេ។
ឯកឧត្តម លី ធុជ បន្តថា តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ខ្ញុំសូមអំពាវនាវទៅកាន់ពិភពលោក ឱ្យរួមគ្នាអនុវត្តនូវគោលការណ៍នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងរួមគ្នាលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស។”៕
ដោយ៖មុនី