KFC បិទហាង​ បញ្ឈប់បុគ្គលិក២,០០០នាក់ នៅឥណ្ឌូណេស៊ី

MC. បរទេស ៖ ហាងលក់អាហាររហ័ស KFC នៅប្រទសឥណ្ឌូនេស៊ី បានរាយការណ៍ពីការខាតបង់សុទ្ធ ចំនួន ជាង៣៦លានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី៣ នៃឆ្នាំនេះ ខណៈដែលក្រុមហ៊ុនបានបិទហាងចំនួន៤៧ និងបញ្ឈប់បុគ្គលិក ចំនួន២,២៧៤នាក់ នេះបើតាមការចេញផ្សាយ របស់កាសែត VNexpress ថ្មីៗនេះ។

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ហាង KFC Indonesia ដែលចំណុះឲ្យក្រុមហ៊ុនធំ PT Fast Food Indonesia Tbk ឬ ក្រុមហ៊ុន FAST បានលាតត្រដាងថា គ្រាន់តែរយៈពេល៩ខែដំបូង នៃឆ្នាំនេះ ក្រុមហ៊ុនបានកាត់បន្ថយបុគ្គលិក ៧១៥នាក់ ធៀបនឹងតួលេខឆ្នាំ២០២៣ មាន៧៦២នាក់។ កម្លាំងការងាររបស់ខ្លួនក៏បានថយចុះគួរឱ្យកត់សម្គាល់ផងដែរ ដែលឥឡូវនេះ នៅមានបុគ្គលិកជាង ១៣,៧០០ នាក់ បើធៀបនឹងពីមុន មានរហូតដល់ជិត១៦,០០០នាក់។

ប្រភពថា កត្តាដ៏សំខាន់បំផុត នៅក្នុងការធ្លាក់ចុះ នៃប្រាក់ចំណូល គឺការធ្លាក់ចុះយ៉ាងខ្លាំង នៃការលក់អាហារ និងភេសជ្ជៈសរុប ដោយគិតត្រឹមត្រីមាសទី៣ ថយចុះ២២.៤ភាគរយ។

មេដឹកនាំរបស់ក្រុមហ៊ុន FAST បានចាត់ទុកការធ្លាក់ចុះទាំងនេះថា កើតចេញពីផលប៉ះពាល់អវិជ្ជមានយូរអង្វែង នៃការរាតត្បាត នៃជំងឺកូវីដ-១៩។ ការងើបឡើងវិញ មិនទាន់អាចជួយក្រុមហ៊ុន សម្រេចបាននូវគោលដៅលក់ ដែលរំពឹងទុករបស់ខ្លួននោះទេ ខណៈដែលលក្ខខណ្ឌទីផ្សារ កាន់តែយ៉ាប់យ៉ឺន និង កាន់តែធ្ងន់ធ្ងរឡើង ដោយសារតែវិបត្តិមជ្ឈឹមបូព៌ា ដែលកំពុងបន្តមាន៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner