ភ្ញៀវជាតិនិងអន្តរជាតិជាង៣ ០០០នាក់ ចូលរួមដង្ហែក្បួនចំងាយ៤គីឡូម៉ែត្រ ដើម្បីពិភពលោកមួយដែលគ្មានមីន
សៀមរាប៖នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នៅមុខប្រាសាទអង្គរវត្ត ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាមួយភ្ញៀវជាតិ និងអន្តរជាតិជាង៣ ០០០នាក់ “ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន” ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប- អង្គរស្តីពីពិភពលោកគ្មានគ្រាប់ មីន នៅខេត្តសៀមរាប។
ក្នុងចំងាយផ្លូវ៤គីឡូម៉ែត្រ ចាប់ពីប្រាសាទអង្គរវត្ត ដល់ព្រះលានជល់ដំរីក្បែរប្រាសាទបាយ័ន ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តម ហួត ជា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប រួមជាមួយភ្ញៀវជាតិ និងអន្តរជាតិជាង៣ ០០០នាក់មកពីអង្គភាព ស្ថាប័នជាតិ អន្តរជាតិ ព្រមទាំងគណៈប្រតិភូជារដ្ឋភាគី១៦៤ប្រទេស តំណាងស្ថានទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករសកម្មភាពមីន មន្រ្តីរាជការ វិស័យឯកជន សិល្បៈករ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធក្នុងខេត្ត “ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន”។
ក្បួនដង្ហែដែលនាំមុខដោយជនមានភាពពិការជាច្រើនប្រភេទដោយសារគ្រាប់មីន ព្រមទាំងបដាពាក្យស្លោកក្នុងន័យអំពាវនាវដើម្បីពិភពលោកមួយដែលគ្មានមីន បានធ្វើដំណើរព្រមៗគ្នា ដើរថ្មើរជើង និងខ្លះជិះរទេះ ។
លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរដែនដីសូមគាំទ្រនូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ យើងនឹងរួបរួមគ្នាដើម្បីលុបបំបាត់មិនឱ្យមានគ្រាប់មីននៅសេសសល់ក្នុងប្រទេសយើង ក៏ដូចជានៅទូទាំងពិភពលោក។ យើងនឹងដើរទៅមុខជាមួយជនរងគ្រោះដោយសារមីន ,ជាមួយសហគមន៍ ជាមួយមន្រ្តីប្រតិបត្តិករ ស្ថាប័នសាសនា និងអង្គការនានា ដើម្បីជាសក្ខីភាពបង្ហាញថា នៅពេលដែលយើងរួមគ្នា យើងនឹងសម្រេចបានអនាគតមួយដែលមានសុវត្ថិភាព និងសុខសន្តិភាព ។
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី លី ធុជ បានមានប្រសាសន៍ថា ថ្ងៃនេះយើងមកពីគ្រប់ទិសទីនៃពិភពលោក ។យើងរួមគ្នាក្នុងនាមជាមិត្ត ជាគ្រួសារតែមួយ មានក្តីស្រមៃរួមគ្នា គឺការសម្រេចបានពិភពលោកមួយដោយគ្មានមីន ។ យើងកំពុងដើរឆ្ពោះទៅរកអនាគត ដែលកូនៗរបស់យើង អាចរត់លេងដោយសេរី ,កសិកររបស់យើងអាចធ្វើស្រែចម្ការដោយមិនមានការភ័យខ្លាច ,សហគមន៍របស់យើងមិនអាចលូតលាស់ប្រកបដោយសុវត្ថិភាព៕
អត្ថបទនិងរូបភាព៖ ប៊ុន រដ្ឋា