រុស្ស៊ីចង់បានជនចំណាកស្រុកជាច្រើននាក់ ឲ្យធ្វើការងារក្នុងប្រទេស
បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា ប្រទេសរុស្ស៊ីត្រូវការជនចំណាកស្រុក ដើម្បីអភិវឌ្ឍជាតិ ដោយសារតែកម្លាំងពលកម្ម ក្នុងស្រុកកំពុងធ្លាក់ចុះ។
លោក Peskov បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ RIA Novosti កាលពីថ្ងៃសុក្រ ថា «ជនចំណាកស្រុកគឺជាតម្រូវការចាំបាច់»។ លោកបន្តថា «យើងមានស្ថានភាពប្រជាសាស្ត្រដ៏តានតឹង យើងរស់នៅក្នុងប្រទេសដ៏ធំបំផុត នៅលើពិភពលោក ប៉ុន្តែ មិនមានរុស្ស៊ី ច្រើនទេ»។ លោក Peskov បន្ថែមថា «យើងត្រូវការកម្លាំងពលកម្ម ដើម្បីឱ្យមានការអភិវឌ្ឍ យ៉ាងស្វាហាប់ និងអនុវត្តគម្រោងអភិវឌ្ឍន៍ទាំងអស់ របស់យើង… អាជ្ញាធររុស្ស៊ីស្វាគមន៍ការធ្វើចំណាកស្រុក»។
កាលពីដើមសប្តាហ៍នេះ សភារុស្ស៊ីបានអនុម័តច្បាប់ហាមប្រាម «ការឃោសនាគ្មានកូន» ដោយមានប្រសិទ្ធភាពហាមឃាត់បុគ្គល ឬ អង្គការណាមួយ ពីការលើកទឹកចិត្តអ្នកដទៃ មិនឱ្យមានកូន។ វាគឺជាវិធានការដែលបង្កើតឡើង ដើម្បីជួយដោះស្រាយវិបត្តិប្រជាសាស្រ្ត ដែលទទួលមរតក ពីសម័យសូវៀត ហើយដែលកាន់តែអាក្រក់ទៅៗ ចាប់តាំងពីជម្លោះ នៅអ៊ុយក្រែន។
តួលេខស្ថិតិជាតិ Rosstat បង្ហាញថា ទារកចំនួន ៩២០.២០០នាក់បានកើត នៅក្នុងប្រទេសរុស្ស៊ី ចន្លោះខែមករា ដល់ខែកញ្ញា ឆ្នាំនេះ ធ្លាក់ចុះ ៣.៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បាននិយាយថា នេះគឺជាចំនួនកំណើតថ្មី ទាបបំផុត ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត