កូនដំរីដែលបានជួយសង្រ្គោះនៅខេត្តមណ្ឌលគិរី នៅពេលនេះមានសុខភាពល្អប្រសើរឡើងវិញហើយ
(ភ្នំពេញ)៖កូនដំរីមួយក្បាលដែលបានវង្វេងបាត់ពីមេរបស់វា ហើយត្រូវបានគេជួយសង្រ្គោះកាលពីកន្លងមកនៅខេត្តមណ្ឌលគិរី ពេលនេះកំពុងត្រូវបានគេថែទាំយ៉ាងល្អ និងមានសុខភាពរល្អប្រសើរឡើងវិញហើយ។
អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅរសៀលថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះតាមបណ្តាញសង្គមមតេឡេក្រាមឱ្យដឹងថា៖កូនដំរីចាណាម ជាឈ្មោះកូនដំរីញីមួយក្បាលដែលត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានកាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយប្រទះឃើញវង្វេងហ្វូងមេបាជាងមួយសប្តាហ៍នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ដែរថា”នាពេល បច្ចុប្បន្នស្ថានភាពសុខភាពកូនដំរីញីនេះបានវិវត្តមកភាពល្អប្រសើរហើយ និងកំពុងស្ថិតនៅក្រោមការថែទាំសុខភាព និងចិញ្ចឹមថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ”។
មន្រ្តីអ្នកនាំពាក្យរូបនេះបានរំលឹកថា៖បន្ទាប់ពីទទួលព័ត៌មានពីប្រជាសហគមន៍មូលដ្ឋានអំពីវត្តមានកូនដំរីមួយក្បាលមានអាយុប្រហែលពី០៦-០៨ខែ ទម្ងន់ប្រមាណ៣០០គីឡូក្រាមរស់នៅដាច់ពីហ្វូងជាច្រើនថ្ងៃ មន្ត្រី និងអង្គការពាក់ព័ន្ធបានចុះទៅពិនិត្យ និងជួយអន្តរាគមន៍ផ្តល់ចំណីដើម្បីរង់ចាំបញ្ជូនទៅក្នុងហ្វូងមេបាវិញ។
លោកជំទាវ អ៊ឹម រចនា បានឱ្យដឹងបន្ថែមដែរថា៖ក្រោយការរង់ចាំជាងមួយសប្តាហ៍ពុំឃើញមានហ្វូងមេបាឆ្លងកាត់ ជាមួយស្ថានភាពសុខភាពកូនដំរីកាន់តែទ្រុឌទ្រោមចុះស្គមខ្លាំងផង និងក្រោមការសម្រេចចិត្តរួមរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន កូនដំរីនេះត្រូវបាននាំយកមកសង្គ្រោះព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ” ក្រោមកិច្ចប្រតិបត្តិការរួមគ្នារវាងឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ” មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃភ្នំព្រិច សហគមន៍ល្បាត ប្រជាសហគមន៍មូលដ្ឋាន អង្គការWCS អង្គការWWF អង្គការWA មានបុគ្គលិកប្រមាណជិត៣០នាក់ បានបើកប្រតិបត្តិការរយៈពេល០២ថ្ងៃ (ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤) បាននាំយក និងដឹកជញ្ជូននាំកូនដំរីនេះមកកាន់ឧទ្យានសួនសត្វ ព្រៃការពា និងសួនភូតគាម “ភ្នំតាម៉ៅ” ប្រកបដោយសុវត្ថិភាពនាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៦:៥០នាទីរសៀល។
ដំរីអាស៊ីត្រូវបានចាត់ក្នុងឧបសម្ព័ន្ធ១នៃអនុសញ្ញាសាយតេស (CITES) ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ (EN) ក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) និងជាប្រភេទសត្វជិតផុតពូជក្នុងចំណាត់ថ្នាក់ និងបញ្ជីឈ្មោះសត្វព្រៃកម្ពុជា៕
ដោយ ៖ ម៉ាដេប៉ូ