សម្តេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ទសវត្សរ៍
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកអំពីការអនុវត្តន៍នយោបាយ ឈ្នះ ឈ្នះ របស់សម្ដេច ដែលបានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ទសវត្សរ៍ ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីភាព បើកជាផ្លូវការនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។ សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងពីចំណុចដែលសម្ដេច ផ្ចុងផ្ដើមឲ្យមាននយោបាយ ឈ្នះ ឈ្នះ និងការចរចាររវាងខ្មែរ និងខ្មែរ នៅឆ្នាំ១៩៩៦ ដើម្បីបង្រួបបង្រួម និងបញ្ចូលភាគីទាំងអស់ ទៅក្នុងរាជរដ្ឋាភិបាល ដែលនេះគឺជាលើកដំបូងក្នុងប្រវត្តរបស់យើង ។ សម្ដេច បន្ដថា នយោបាយ ឈ្នះ ឈ្នះ នេះបានបញ្ចប់សង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ ដោយជោគជ័យ ដោយមិនប្រើប្រាស់គ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់ តែជំនួសមកវិញដោយការធ្វើសមាហរណកម្ម ដោយសន្ដិវិធី និងការរំលាយចោលនៃអង្គការចាត់តាំង នយោបាយ និងយោធារបស់ខ្មែរក្រហម។ ពេលនោះយើងដាក់ចេញនូវការធានា៣យ៉ាង ដើម្បីអនុវត្តន៍នូវនយោបាយ ឈ្នះ ឈ្នះ ដោយ ទី១, ធានាអាយុជីវិត និងរូបការរបស់គេ ទី២, ធានាបាននូវអាជីវ និងមុខរបរ, ទី៣ ធានានូវកម្មសិទ្ធិរបស់ពួកគេ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ចំណុចនេះ ខ្ញុំគួរនិយាយទៅកាន់សហការរីខ្ញុំម្នាក់គឺ នាយឧត្តមសេនីយ៍ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រសិនបើគ្មានរូបគាត់ទេ ខ្ញុំតែងតែគិតថា ប្រសិនបើគ្មានតួអង្គរ ទៀ បាញ់ ទេ តើខ្ញុំអាចនឹងជោគជ័យនៅក្នុងដំណើរការនេះទេ។ ខ្ញុំជាអ្នកផ្ដួចផ្ដើមគំនិត និងដឹកនាំដោយផ្ទាល់ ប៉ុន្ដែត្រូវមានតួអង្គរដឹកនាំបន្ទាប់ពីយើង រឿងនេះសំខាន់ណាស់ មិនមែនអ្នកណា ក៏ចេះតើជឿនោះទេ ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា បើមិនធានាបាននូវបញ្ហានេះទេ គឺគ្រោះថា្នក់ សង្គ្រាមមិនទាន់បញ្ចប់នោះទេរហូតមកដល់ពេលនេះ ហើយខ្ញុំគួរតែនិយាយថា ជាការពិតមានការគិតខុស ប៉ុន្ដែយើងក៏មានការកែតម្រូវ នាយឧត្តមសេនីយ៍របស់ខ្ញុំ បានមកជួបខ្ញុំដល់ផ្ទះ សូមថាត្រូវកែសម្រួលការឈរជើង នៃកម្លាំងកងទ័ពនៅពេលនោះ ព្រោះថា បណ្ដាផ្ដាច់ខ្លួនទាំងឡាយពោលពេញ ដោយកងពលរបស់ខ្មែរក្រហម ចឹងទេនាយអគ្គសេនាធិកា, នាយអគ្គសេនាធិការង បានជួបជាមួយខ្ញុំ ហើយនៅពេលនោះខ្ញុំនៅកាន់តួនាទីជានាយករដ្ឋមន្រ្ដីផង និងជាអគ្គបញ្ជារការប្រដាប់អាវុធផងនាពេលនោះ ។
សម្ដេចតេជោ បានបញ្ជាក់ថា ឧត្តមសេនីយ៍ បានប្រាប់មកខ្ញុំថា ត្រូវតែមានការកែសម្រួល ឲ្យកងពលមួយចំនួន មកឈរនៅខេត្តកណ្ដាល ខេត្តតាកែវ, ខេត្តកំពត ខេត្តស្វាយរៀង, ខេត្តព្រៃវែង និងខេត្តកំពង់ចាម បើមិនដូច្នេះទេនោះ ក្នុងពេលដែលមានការបះបោលឡើងវិញ ដោយប្រដាប់អាវុធ នោះនឹងមិនអាចគ្រប់គ្រងបានទេ, ខ្ញុំបានប្រាប់ទៅឧត្តសេនីយ៍ទាំងនេះថា មិនអាចធ្វើបានទេ ព្រោះប្រសិនបើយើងត្រូវយកបងប្អូនទាំងនេះ អង្គភាពទាំងនេះមកកាន់ទីតាំងផ្សេងៗ ខេត្តខាងក្រោយក្បត់នូវការសន្យារបស់យើង ទៅលើចំណុចទី៣ ស្ដីពីការទទួលស្គាល់កម្មសិទ្ធិ ព្រោះពួកគេមានដីមានធ្លីនៅទីនោះ ។
ខ្ញុំបានចង្អុលបង្ហាញទៅកាន់ពួកគាត់ថា ពេលនេះប្រសិនបើបងប្អូនទាំងនោះ បះបោរឡើងវិញសង្គ្រាមថិតក្នុងតំបន់ដដែល គ្មានលើស គ្មានខ្វះ ប៉ុន្ដែបើយកអ្នកទាំងនេះ មកឈរនៅបណ្ដាខេត្តខាងក្រោយ ប្រសិនបើសង្គ្រាមផ្ទុះឡើងវិញ គឺផ្ទុះទូទាំងប្រទេសតែម្ដង ដូច្នេះចំណុចនៅទីនេះ គឺទាក់ទងនឹងបញ្ហានយោបាយផង និងទិដ្ឋភាពនៃយុទ្ធសាស្រ្ដ ក្នុងក្របខណ្ឌយោធាផង ៕
ដោយ ៖ វណ្ណលុក