សម្តេចតេជោ ហ៊ុន សែន ទទួល ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលពានរង្វាន់លំដាប់អន្តរជាតិថ្មីមួយទៀត នោះគឺ «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ពិធីបើកជាផ្លូវការ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ការផ្តល់ជូន «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ជាការទទួលស្គាល់ចំពោះការដឹកនាំដ៏ពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលសម្តេចបានបញ្ចប់សង្គ្រាម ហើយកសាងសន្តិភាពនៅប្រទេស រហូតមកដល់សព្វថ្ងៃ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ប្រតិភូអន្តរជាតិថា ជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ផ្ដល់ឱ្យកម្ពុជានូវសន្តិភាពពេញលេញ រួមទាំងការឯកភាពជាលើកដំបូង នៅក្នុងប្រវត្តិ ៥០០ឆ្នាំរបស់ខ្លួន ហើយសម្ដេច បានកាត់កេរកាត់ខ្មាស់ ដើម្បីនិយាយរឿងនេះ ប៉ុន្តែយើងមិនគួរលាក់លៀមនូវអតីតកាលដ៏ឈឺចាប់របស់យើងទេ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា កម្ពុជា នៃ ៥០០ឆ្នាំរបស់ខ្លួន គិតត្រឹមសម័យព្រះបាទពញ៉ាយ៉ាត ចន្លោះឆ្នាំ១៤០០ជាង ដោយមិនគិតពីសម័យមុននេះនោះទេ ប៉ុន្តែសួរថា កម្ពុជា មានសន្តិភាពពីពេលណា? ដែនដីកម្ពុជា តែងតែមានតំបន់ត្រួតត្រាច្រើន មិនតិចជាងពីរក្នុងពេលតែមួយ ប៉ុន្តែនយោបាយ ឈ្នះ ឈ្នះ គឺផ្ដល់ឱកាសដល់កម្ពុជាមានសន្តិភាពជាតិ ២៧ឆ្នាំហើយ ជាសន្តិភាពដែលមានរយៈពេលវែងជាងគេ នៅក្នុងប្រវត្តិ៥០០ឆ្នាំចុងក្រោយរបស់ខ្លួន ។
បន្ទាប់ពីដំណើរការកសាងសន្តិភាពជាច្រើនឆ្នាំ ក្រោមការដឹកនាំ និងត្រួសត្រាយដោយសម្តេចតេជោ និងសម្តេចនរោត្តម សីហនុ ដែលបានចាប់ផ្តើមតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០មក ប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ន ទទួលបានសន្តិភាពពេញលេញ និងអត្ថប្រយោជន៍ពីសន្តិភាព ចាប់តាំងពីមានសន្តិភាព និងការបង្រួបបង្រួមជាតិពេញលេញ ដែលសម្រេចបាននៅខែធ្នូ ឆ្នាំ១៩៩៨។ ឆ្នាំនេះគឺជាខួបលើកទី៣១ នៃព្រះរាជាណាចក្រកម្ពុជាទី២ បន្ទាប់ពីការបោះឆ្នោតសកលលើកទី១ ដែលបានធ្វើឡើងនៅក្នុងឆ្នាំ១៩៩៣ ហើយឆ្នាំនេះដែរក៏ជាខួបលើកទី៣១ នៃការអនុម័ត និងប្រកាសដាក់ឱ្យប្រើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ផងដែរ ជាមួយការចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ប្រការនេះបាននាំទៅរកការចាប់កំណើតឡើងវិញនៃព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីត្រូវបានលុបបំបាត់ចោលជាច្រើនឆ្នាំ ដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ចាប់តាំងពីរស់ឡើងវិញ ព្រះពុទ្ធសាសនានៅកម្ពុជា និងលទ្ធិប្រជាធិបតេយ្យបែបព្រះពុទ្ធសាសនាដែលមិនអាចកាត់ថ្លៃបាន បានដើរតួនាទីមិនអាចខ្វះបានក្នុងការពង្រឹង សន្តិភាព ពហុភាគីនិយម និងគុណតម្លៃនៃព្រះពុទ្ធសាសនាសម្រាប់ប្រជាជាតិ។ ព្រឹត្តិការណៗសំខាន់ៗទាំងនេះបានស្ដារឡើងវិញនូវសិទ្ធិ និងសេរីភាពជាមូលដ្ឋាន របបរាជានិយម និងប្រជាធិបតេយ្យសេរី ក្នុងចំណោមប្រទេសដទៃទៀត ដែលបង្កើតទំព័រថ្មីនៃជីវិតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវការរីកចម្រើន ការអភិវឌ្ឍន៍ និងវិបុលភាព រហូតមកដល់សព្វថ្ងៃនេះ ។
ក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការរង្វាន់ បានអបអរសមិទ្ធផលទាំងនេះ និងទទួលស្គាល់ការដឹកនាំដ៏ឆ្នើមរបស់សម្ដេចតេជោ ហ៊ុន សែន។ ទាំងនេះជាសមិទ្ធផលដែលសម្រេចបានតាមរយៈការលះបង់ពេញមួយជីវិតរបស់គាត់ ដើម្បីសន្តិភាព ការបង្រួបបង្រួមជាតិ ស្ថិរភាព វឌ្ឍនភាពសង្គម និងការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ជាពិសេសការរំដោះប្រជាជន ប្រទេសជាតិ និងការទំនើបកម្មរបស់ប្រទេសជាតិ។
មេរៀនដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទាំងនេះ បានបង្ហាញឱ្យឃើញថាសម្តេចតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជា ពោរពេញដោយសមត្ថភាព ឱ្យក្លាយជាជ្ឈមណ្ឌលសន្តិភាពនៃទន្លេមេគង្គ និងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈភាពជាមេដឹកនាំ ប្រាកដនិយមរបស់គាត់ និងអនុវត្តជាក់ស្ដែងប្រកបដោយសុភវិនិច្ឆយ ដែលបានសាបព្រោះនូវស្មារតី តម្លៃនៃមនុស្សជាតិ និងប្រជាធិបតេយ្យបែបពុទ្ធសាសនា ដោយការសន្ដោស មេត្តា និងគោរព ក្រោមទម្រង់ក្នុង ការកសាងសន្តិភាព និងផ្សះផ្សារជាតិ៕
ដោយ ៖ វណ្ណលុក