កម្ពុជា កំពុងជំរុញការងារគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចជាតិទំនើបសម្រាប់គោលដៅទេសចរណ៍លំដាប់ពិភពលោក

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និង កំពុងអនុវត្តស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាទៅជា “ប៉ូលសេដ្ឋកិច្ចជាតិទំនើបប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គល និងជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រស្អាតលំដាប់សកលលោក” ដើម្បីរួមចំណែកសំដៅប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

នេះបើតាមការលើកឡើងពីគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់២៥ វិច្ឆិកា ២០២៤។

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានឱ្យដឹងដែរថា៖ដើម្បីរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានជំរុញការងារគ្រប់គ្រង រៀបចំកែលម្អ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មានជាអាទី៍៖

  • ការពង្រឹងរៀបចំគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត មានគម្រោងអាទិភាពទី១ គឺការរៀបចំច្បាប់ស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលសេចក្ដីព្រាងច្បាប់នេះត្រូវបានដាក់បញ្ចូលជាមួយនឹងសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំដែនដី និងនគរូបនីយកម្ម ដែលបានបញ្ចប់កិច្ចពិគ្រោះយោបល់ទូលាយ ដើម្បីបន្តស្នើសុំការអនុម័តស្របតាមនីតិវិធីជាធរមាន។
  • គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោ សន្តិភាពកែប” ប្រវែង ២ ៧០០ម៉ែត្រ ចាប់ពីផ្សារក្តាមដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
  • គម្រោងអភិវឌ្ឍផ្លូវជិះកង់ទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង។
  • កម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រោមប្រធានបទ “កម្ពុជា: មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ”។
  • គម្រោងរៀបចំកំពង់ផែទេសចរណ៍ និងគម្រោងកែលម្អនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner