គណបក្សប្រជាជនកម្ពុជានឹងធ្វើសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ នៅចុងខែមករាឆ្នាំ២០២៥
ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជាសម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤៥ រយៈពេល ២ថ្ងៃ នៅថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៤ នៅវិមាន ៧មករារាជធានីភ្នំពេញ ។
យោងតាមសេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះបានឱ្យដឹងថា ខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្តាល សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មាធិការកណ្តាលទាំងអស់ មេត្តាជ្រាបថា ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានសម្រេចកោះប្រជុំសន្និបាតគណៈ កម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ (រយៈពេលពីរថ្ងៃ)នៅវិមាន៧មករា ។
សូមជម្រាបថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាបានប្រារព្ធសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៤ នៅវិមាន៧មករា។ ក្នុងកិច្ចប្រជុំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។
សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ ក៏បានសម្រេចបោះឆ្នោតតែងតាំងសមាជិកចំនួន ២៣រូបជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ដែលធ្វើឱ្យសមាជិកអចិន្ត្រៃយ៍កើនដល់៥៨រូប៕
ដោយ៖វណ្ណលុក