អនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ រដ្ឋាភិបាលថ្មីប្រទេសជប៉ុននៅតែបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ERI Arfiya អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ជោគជ័យរបស់កម្ពុជាក្នុងសកម្មភាពបោសសម្អាតមីន ដែលកន្លងមក ជប៉ុនបានចូលរួមចំណែកនៅក្នុងការកសាងសមត្ថភាពដល់កម្ពុជា ហើយកម្ពុជាបានវិវត្តន៍ខ្លួនក្លាយជាប្រទេសរួមចំណែកកសាងសមត្ថភាពទៅដល់ប្រទេសដទៃទៀត ក្នុងសកម្មភាពបោសសម្អាតមីននេះ ផងដែរ។ លោកជំទាវអនុរដ្ឋមន្ត្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីបន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់លោកជំទាវនៅពេលនេះ គឺធ្វើឡើងក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី ហើយលោកជំទាវក៏បានគូសបញ្ជាក់ថា ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការកសាងទំនុកចិត្តរវាងរដ្ឋាភិបាលជប៉ុន និងកម្ពុជា មិនត្រឹមតែបន្តរក្សាប៉ុណ្ណោះទេ ប៉ុន្តែនឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន និងបានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងជប៉ុន ដែលបានឈានទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកនៅក្នុងដំណើរការនៃការស្វែងរកនូវសន្តិភាពនៅកម្ពុជា និងការកសាង​ និងស្ដារប្រទេសកម្ពុជាឡើងវិញ​ ជាមួយនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ ដូចសព្វថ្ងៃនេះ។​ សម្ដេចបវរធិបតី ក៏បានប្ដេជ្ញាបន្តពូនជ្រុំឱ្យទំនាក់នង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

សម្ដេចធិបតី និងលោកជំទាវអនុរដ្ឋមន្ត្រី ក៏បានបន្តពិភាក្សាលើការពង្រឹង និងពង្រីកនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅលើវិស័យជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, គមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ, សន្តិសុខ និងសកម្មភាពមីន ជាដើម៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner