ពិធីសម្ពោធអគារសិក្សាថ្មី និងអន្តេវាសិកដ្ឋាន សាលារៀន ចុង វ៉ា ខេត្ត​បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត មណ្ឌល ខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារ​សិក្សាថ្មី និងអន្តេវាសិកដ្ឋាន សាលារៀន ចុង វ៉ា ស្ថិតនៅក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីសម្ពោធកាលពីថ្ងៃសៅរ៍ ឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានសមាគម​ខ្មែរ ចិន បានរំលឹកថាសាលារៀន ចុង វ៉ា បានកសាងឡើង​ក្នុង​កំឡុង​ឆ្នាំ១៩៣៥ មានទីតាំងនៅខាងជើងវត្ត ឬស្សីក្រោក ស្ថិតក្នុងឃុំឬស្សី​ក្រោក ស្រុកមង្គលបូរី ។សាលា​រៀននេះ បានបិទមិន​ដំណើរ​ការ​នៅ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ក្រោយមានការយកចិត្តទុកដាក់ពីបង​ប្អូនសមាគមខ្មែរ.ចិន ស្រុកមង្គល​បូរី ពិសេស​សមាគម​ខ្មែរ ចិន នៅ​កម្ពុជា និងស្ថានទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងមានការ​ជ្រោមជ្រែង​ពីអាជ្ញាធរផង​នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៥ សាលារៀនបាន​បើកដំណើរការឡើងវិញ ក្រោមការដឹកនាំគ្រប់គ្រងរបស់ លោក គួយ តាំង ដែលមានការអនុញ្ញាត​និង​ទទួលស្គាល់ជាផ្លូវការតាមរយៈប្រកាស​លេខ០៣៦០/អយក ប្រកប ចុះថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥ របស់ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យបើកសាលារៀន​ចំណេះដឹងទូទៅឯកជន ខ្មែរ.ចិន ចុង វ៉ា នេះឡើងវិញ បង្រៀនរហូត ដល់ថ្នាក់បញ្ចប់​អនុវិទ្យាល័យ ។ឆ្នាំ២០២៤នេះ មានសិស្សសរុប៩៧៤នាក់ (ស្រី៤៦៧នាក់)។

ឧកញ៉ា អ៊ឹង វណ្ណម៉ៅ បានបន្តថា ក្នុងឆ្នាំ២០២៤នេះសាលារៀន ចុង វ៉ា បានកសាងអគារសិក្សាមួយខ្នងកម្ពស់២ជាន់ មាន ១០​បន្ទប់​ ,ទំហំ១.០៨១​ម៉ែតក្រឡារួមទាំងបន្ទប់ទឹកចំនួន៧ ដែលចំណាយ​ថវិកា១៦៣.៥២២ដុល្លារអាមេរិក។ ។ក្នុងនោះមានចាក់​សាបក្នុង​ទីធ្លាផងដែរ។សរុបថវិកាចំណាយទៅលើសមិទ្ធផល​នានាចំនួន ២២៦.៧៤៧ដុល្លារ ។ចំណែក ថវិកានៅសល់​១៤.៣៣៤​ដុល្លារ សម្រាប់​កសាងអគារមួយខ្នងទៀតមានបណ្តោយ៤១ម៉ែត្រ ទទឹង ១០.៤ម៉ែត្រ,កម្ពស់២ជាន់ ចែកចេញជា ៨បន្ទប់ ដែល
គ្រោងចំណាយ២១ម៉ឺនដុល្លារ។

ឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍ក្នុងឱកាសចូលរួមថា សាលារៀនគឺជា​ថ្នាលបណ្តុះបណ្តាលវិជ្ជា ។បង្កើតធនធានមនុស្ស សម្រាប់ជួយ​កសាង​ប្រទេសជាតិឱ្យមានរីកចម្រើន។​រាជរដ្ឋាភិបាល​បានខិតខំដាក់​ពង្រាយសាលារៀនមកជិតផ្ទះប្រជាជន​ដើម្បី​ផ្តល់ភាព​ងាយ​ស្រួល​ដល់​កូន​ចៅប្រជាពលរដ្ឋបានសិក្សារៀនសូត្រចេះដឹង ។មានការងារធ្វើ បង្កើនចំណូលគ្រួសារ ។ឯកឧត្តមបានអំពាវនាវដល់​មាតា បិតាសូម​បញ្ជូនកូនទៅសិក្សាឱ្យបានគ្រប់ៗគ្នា និងជួយសហការ​អប់រំកូនចៅ​ឱ្យបានល្អ ដោយមិនទៅជាប់ពាក់ព័ន្ធ នឹងបញ្ហាគ្រឿងញៀន គ្រឿងស្រវឹង ៕
ដោយ៖ឃិន គន្ធា

ads banner