ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បើក“វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជាឆ្នាំ២០២៤”
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះបានរៀបចំ “វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជាឆ្នាំ២០២៤” ក្រោមប្រធានបទ “ស្វែងយល់អំពីនវានុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពសម្រាប់ កម្ពុជានាពេលអនាគត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង វាគ្មិនជាតិនិងអន្តរជាតិ តំណាងមកពីក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ វិស័យឯកជន និងអ្នកសារព័ត៌មាន បានចូលរួមផ្ទាល់ និងតាមអនឡាញ សរុបប្រមាណ 500នាក់ ។
វេទិកានេះរៀបចំឡើងក្នុងគោលបំណង៖ ទី១. ស្វែងយល់អំពីនិន្នាការ និងគំនិតផ្តួចផ្តើមនៃបច្ចេកវិទ្យា AI ពីអ្នកជំនាញប្រទេសបារាំង កូរ៉េ ថៃ កម្ពុជា និងវឌ្ឍនភាព AI ផ្ទាល់នៅកម្ពុជា, ទី២ លើកឡើងអំពីការអនុវត្តជាក់ស្តែង នៃ machine learning, deep learning in natural language processing និងបច្ចេកវិទ្យា computer vision សម្រាប់ប្រទេសកម្ពុជា, ទី៣ ស្វែងយល់ពីសក្ដានុពលនៃការប្រើប្រាស់ Generative AI ក្នុងការធ្វើបរិវត្តន៍កម្ម និងនវានុវត្តន៍សម្រាប់វិស័យផ្សេងៗ និង៤. លើកកម្ពស់ភាពជាដៃគូរវាង រាជរដ្ឋាភិបាល វិស័យឯកជន និងគ្រឹះស្ថានអប់រំ ក្នុងការកំណត់កាលានុវត្តភាព បញ្ហាប្រឈមនៃបច្ចេកវិទ្យា AI និងកិច្ចសហប្រតិបត្តិការជាប្រព័ន្ធអេកូឡូស៊ី ។
ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា យើងកំពុងឈានចូលទៅក្នុងយុគសម័យថ្មីមួយ ដែលបញ្ញាសិប្បនិម្មិត AI មិនគ្រាន់តែជាគំនិតអនាគតប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍ជាក់ស្តែងដែលផ្លាស់ប្តូរនូវ ឧស្សាហកម្ម សេដ្ឋកិច្ច និងសង្គមទូទាំងពិភពលោក។
ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍បន្ថែមថា ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ បានដើរតួនាទីសកម្មលើការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតAI ។ ក្រសួងបានប្រែក្លាយវិទ្យាស្ថានជាតិប្រៃសណីយ៍ និងទូរគមនាគមន៍ ទៅជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីធ្វើការលើការកសាងសមត្ថភាពនៃទេពកោសល្យឌីជីថល ការស្រាវជ្រាវឌីជីថល និងការច្នៃប្រឌិតដែលផ្តោតលើបញ្ញាសិប្បនិម្មិតAI និងទិន្នន័យវិទ្យា។
លោកបណ្ឌិត សេដ្ឋា សេរីសាម អគ្គនាយក ICT ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងនៅក្នុងរបាយការណ៍ស្វាគមន៍ថា កិច្ចពិភាក្សានេះ យើងនឹងទទួលបាននូវការយល់ដឹងពីអ្នកជំនាញជាតិ និងអន្តរជាតិ ដោយពិនិត្យមើលថាតើនិន្នាការសកល និងតំបន់ដូចជាប្រទេសបារាំង កូរ៉េ និងថៃ អាចជូនដំណឹងអំពីការអភិវឌ្ឍន៍ Al និងអ្វីដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដំណើរការ រហូតមកដល់ពេលនេះ នៅកម្ពុជា។ ការពិភាក្សានេះក៏នឹងគ្របដណ្តប់លើការប្រើប្រាស់ និងដំណោះស្រាយលើបញ្ញាសិប្បនិម្មិត សម្រាប់ប្រទេសកម្ពុជាផងដែរ។
គួរបញ្ចាក់ថា ក្នុងវេទិកានេះដែរក៏មានការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីបកប្រែ TranslateKh ជាកម្មវិធីជំនួយការឆ្លាតសម្រាប់បកប្រែពាក្យ ឃ្លា ប្រយោគ ឬអត្ថបទពីភាសាខ្មែរ ទៅ ភាសាអង់គ្លេស និងពីភាសាអង់គ្លេស ត្រឡប់មកភាសាខ្មែរវិញ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) និងបច្ចេកវិទ្យាសិក្សាស៊ីជម្រៅ (Deep Learning)។ បច្ចុប្បន្ន កម្មវិធីនេះ ត្រូវបានបង្កើតឡើងជាមួយទិន្នន័យប្រមាណជា ១៥លានឃ្លាបកប្រែ ដែលពាក់ព័ន្ធនឹងកិច្ចសន្ទនាទូទៅ និងសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងទទួលបានលទ្ធផលតេស្តប្រមាណ ៩៧% លើសុក្រឹតភាពនៃលទ្ធផល៕
អត្ថបទ ៖ ង៉ាន់ ទិត្យ រូបភាព រិន រចនា