ការរីកចម្រើនរបស់កម្ពុជា គឺបណ្តាលមកពីការកំណត់យុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរីកចម្រើនរបស់កម្ពុជា គឺបណ្តាលមកពីការកំណត់យុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់សម្តេច ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ។ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃិល យាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមាន៧មករារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
លោក តាន់ ស្រ៊ី ម៉ៃឃិល យាវ បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យ លោក និងប្រតិភូ បានសម្តែងការគួរសមនាពេលនេះ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ លោក ម៉ៃឃិល យាវ បានកត់សម្គាល់ប្រកបដោយការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ។
លោក តាន់ ស្រ៊ី ម៉ាជីដ ខាន់ ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI សម្រាប់អាស៊ីប៉ាស៊ីហ្វិក បានសម្តែងនូវក្តីរីករាយដោយបានចូលរួមក្នុងជំនួបនាពេលនេះ និងបានគោរពអញ្ជើញ សម្តេចតេជោធ្វើទស្សនកិច្ច និងចែករំលែកបទពិសោធន៍សម្តេច នៅប្រទេសម៉ាឡេស៊ីនៅពេលវេលាសមស្របណាមួយ។
លោក ដាតុ ស្រ៊ី វី កា ស៊ីអុង ប្រធានសមាគមចិនម៉ាឡេស៊ី និងជាអតីតរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃសហព័ន្ធម៉ាឡេស៊ី ដែលបានធ្វើកិច្ចការជាច្រើនជាមួយកម្ពុជា បានកោតសរសើរចំពោះ សម្តេចតេជោ ជាថ្នាក់ដឹកនាំដ៏ឧត្តុង្គឧត្តមមួយរូប ដែលបានដឹកនាំកម្ពុជាឈានឆ្ពោះទៅមុខជានិច្ច និងដែលការអភិវឌ្ឍនេះ បានផ្តល់ផលជាវិជ្ជមានដល់អាស៊ានផងដែរ។ លោក ស៊ីអុង ក៏សង្ឃឹមថាការវិវឌ្ឍថ្មីៗនៅកម្ពុជា នឹងនាំមកនូវឱកាសវិនិយោគគម្រោងថ្មីៗបន្ថែមទៀត។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ហ្វាន ហ្គាង (Dr. Fan Gang) ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ចិននៅទីក្រុងហ្សិនឆិន និងជានាយកវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចជាតិ ហើយក៏ជាប្រធាននៃមូលនិធិកំណែទម្រង់ប្រទេសចិន បានថ្លែងអបអរសាទរចំពោះការអភិវឌ្ឍគួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានជម្រាបជូន សម្តេចតេជោ ថាក្រុមការងាររបស់លោកបាននិងកំពុងពិភាក្សាពិនិត្យលទ្ធភាពផ្តួចផ្តើមគម្រោងមួយសម្រាប់ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ជាពិសេសក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»។
លោក ហ្គាង ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃព្រឹត្តការណ៍នានាកម្ពុជាបានរៀបចំ ជាពិសេសការទទួលរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ចនិងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤ ដែលមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា អាស៊ាន និងប្រទេសចិន។ តំណាងវេទិកាកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល បានសម្តែងនូវក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា និងជឿជាក់ថាវេទិកានេះ នឹងនាំមកនូវស្ថាបនិក និងធុរជននៅអាស៊ាន និងតាមបណ្តាប្រទេសលើពិភពលោកមកកម្ពុជា ។
ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះ លោក តាន់ ស្រ៊ី ម៉ៃឃិល យាវ និងប្រតិភូ ដែលបានអញ្ជើញមកកម្ពុជានាពេលនេះ។ ក្នុងនាមកម្ពុជា សម្តេចតេជោ បានថ្លែងអំណរគុណ លោក លោកស្រី សមាជិកគណៈប្រតិភូ ដែលបានតាមដាន និងកត់សម្គាល់អំពីការវិវត្ត និងរីកចម្រើនរបស់កម្ពុជា។
ជាមួយនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍយ៉ាងលឿននេះ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេច មិនដែលគិតថាកម្ពុជាអាចអភិវឌ្ឍ និងឈានឆ្ពោះទៅមុខបានយ៉ាងលឿនដូច្នេះនោះទេ ។ ជាក់ស្តែង ការរីកចម្រើនរបស់កម្ពុជា នេះ គឺបណ្តាលមកពីការកំណត់យុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់សម្តេច ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩។
សម្តេចតេជោ បានរំឭក និងចែករំលែកពីបទពិសោធអំពីភាពជោគជ័យនៃយុទ្ធសាស្រ្តពីរមុខព្រួញ គឺ កំណែទម្រង់នយោបាយ ដោយមិនអាចយកសង្រ្គាមដើម្បីបញ្ចប់សង្រ្គាម នោះទេ និងការកែប្រែនៃសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារ ដោយចាប់ផ្តើមពីកំណែទម្រង់ដីធ្លី។ សម្តេចតេជោ ក៏បានពន្យល់ពីការអនុវត្តប្រកបដោយវិចារវិទ្យា នូវយុទ្ធសាស្ត្រធានាស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជា «ចុងខ្សែពីរនៃចំណងមួយ» ផងដែរ ។
សម្តេចតេជោ បានជូនពរ លោក តាន់ ស្រ៊ី ម៉ៃឃិល យាវ និងប្រតិភូ ទទួលបានជោគជ័យនូវបេសកកម្មវេទិកាកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល និងកិច្ចសហប្រតិបត្តិការវិនិយោគ៕
ដោយ ៖ វណ្ណលុក