ឯកឧត្តម អ៊ុច បូរិទ្ធ ត្រូវបានបោះឆ្នោតគាំទ្រ ជាអនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប្រធានទី២ ព្រឹទ្ធសភា

(ភ្នំពេញ)៖ សម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ បានបោះឆ្នោតគាំទ្រ ឯកឧត្តម អ៊ុច បូរិទ្ធ ចំនួន ៥៨សំឡេង នៃចំនួនសមាជិកទាំងមូល ជាអនុប្រធានទី១ ព្រឹទ្ធសភា ជំនួសឯកឧត្តម ប្រាក់ សុខុនដែលត្រូវទៅបំពេញភារកិច្ចថ្មី និងបោះឆ្នោតគាំទ្រឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ចំនួន ៥៨សំឡេង នៃចំនួនសមាជិកទាំងមូល ជាអនុប្រធានទី២ ព្រឹទ្ធសភា ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប ។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៣ ដូចខាងក្រោម៖

របៀបវារៈទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី ។ យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម ង៉ែត ចដ្តាវី ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកព្រឹទ្ធសភាថ្មី នៅមណ្ឌលភូមិភាគទី១។ សមាជិកថ្មីរូបនេះ នឹងត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។

របៀបវារៈទី២៖ បោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភានីតិកាលទី៥។ សម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ បានបោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភា ជំនួសឯកឧត្តម ប្រាក់ សុខុនដែលត្រូវទៅបំពេញភារកិច្ចថ្មី និងបោះឆ្នោតជ្រើសរើសអនុប្រធានទី២ ព្រឹទ្ធសភាថ្មី ដែលមានសមាសភាពដូចខាងក្រោម៖

១. ឯកឧត្តម អ៊ុច បូររិទ្ធ ទទួលបានសំឡេងគាំទ្រចំនួន ៥៨សំឡេង នៃចំនួនសមាជិកទាំងមូល។

២. ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ទទួលបានសំឡេងគាំទ្រចំនួន ៥៨សំឡេង នៃចំនួនសមាជិកទាំងមូល។

ស្របតាមលទ្ធផលនៃការបោះឆ្នោតខាងលើនេះ ឯកឧត្តម អ៊ុច បូររិទ្ធ ត្រូវបានជាប់ឆ្នោតជាអនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ត្រូវបានជាប់ឆ្នោតជាអនុប្រធានទី២ព្រឹទ្ធសភា។

របៀបវារៈទី៣៖ បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី២ ព្រឹទ្ធសភានីតិកាលទី៥។ ឯកឧត្តម យស ផានីត្តា សមាជិកព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ្រចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner