ប្រជាពលរដ្ឋបន្តមកធ្វើទស្សនកិច្ចនៅខេត្តរតនគិរីដើម្បីឈ្វេងយល់ពីការពិតជាក់ស្តែង

រតនគិរី៖ដំណើរទស្សនកិច្ចរបស់ប្រជា​ពលរដ្ឋមកកាន់ទឹកដីខេត្តរតនគិរី បានបន្តធ្វើជាបន្តបន្ទាប់​បានក្លាយជាទឡ្ហីករណ៍​រស់​បញ្ជាក់​ពីភាព​ច្បាស់​លាស់ ប្រាកដប្រជា និងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ​បន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់​ជាប្រយោជន៍ដល់​ជាតិ និងប្រជាជន​កម្ពុជា​។

ដោយឡែកកម្មវិធីទស្សនកិច្ចលើកនេះ ត្រូវបានរៀបចំឡើងនៅ​ថ្ងៃទី២៣ ​និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្បួនរថយន្ត​នៃដំណើរ​ទស្សនកិច្ចបានចេញដំណើរពីរាជធានីភ្នំពេញក្នុងតម្រាយផ្លូវដែលបានកំណត់រួច គឺឆ្ពោះទៅកាន់ខេត្តរតនគិរី ក្រោមការរៀបចំ និង​សម្រប​សម្រួលយ៉ាងរលូនពីសំណាក់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នក​នាំពាក្យរាជ​រដ្ឋាភិបាល ។

ពេលដែលដំណើរទស្សនកិច្ចមកដល់ខេត្តរតនគិរីត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោក ងិន ណែល អភិបាលរងខេត្ត តំណាង​ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។នៅពេលមកដល់ទឹកដីខេត្តរតនគិរីប្រជាពលរដ្ឋ​ទាំង១៨៥នាក់ បានពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់​នៅ​របស់​ប្រជាជន​ក្នុងខេត្តរតនគិរី ជាពិសេសគឺទីតាំងបង្គោលព្រំដែនលេខ៣០ រវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រខេត្ត អមដោយ​ការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ពាក់ព័ន្ធ​នឹងការងារព្រំដែន ការងារបោះ បង្គោល ខណ្ឌសីមាព្រំ​ដែនគោក និងការថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី​កម្ពុជា។ប្រជាពលរដ្ឋដែលបានធ្វើដំណើរទស្សនកិច្ច ក៏បានឈ្វេង​យល់ផងដែរអំពីស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច និងវិស័យហេដ្ឋា​រចនាសម្ព័ន្ធក្នុងមូលដ្ឋានខេត្តដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។

ក្រុមទស្សនកិច្ចបានបន្តដំណើរកំសាន្តនៅរមណីយដ្ឋាន បឹងយក្ខឡោម ទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតតាមផែនការ​ដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តរតនគិរីផងដែរ៕
ដោយ៖ គតិ យុត្ត

ads banner