ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅទីតាំងថ្មី ជិត ១ពាន់គ្រួសារ ដោយក្នុងនោះនៅតំបន់អភិវឌ្ឍរុនតាឯកជិត ៦ពាន់គ្រួសារ
(ភ្នំពេញ)៖ក្នុងគោលដៅរៀបចំតំបន់រមណីយដ្ឋានឧទ្យានជាតិអង្គរ ឱ្យកាន់តែប្រសើរក្រោមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប ក្រសួង ស្ថាប័ន សហគមន៍ និងអង្គការពាក់ព័ន្ធ និងការដឹកនាំផ្ទាល់ពី ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងារអន្តរក្រសួង បានចុះសិក្សាអំពីស្ថានភាពជាក់ស្តែងតំបន់ដែលប៉ះពាល់ដល់ប្រាង្គប្រាសាទ បុរាណដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយសមស្រប។
បើយោងតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី២៥ វិច្ឆិកា ២០២៤បានឱ្យដឹងថា៖ក្នុងការរៀបចំតំបន់រមណីយដ្ឋានឧទ្យានជាតិអង្គរ កន្លងមកទទួលបានលទ្ធផលដូចជា៖
១. ការចុះស្រង់ទិន្នន័យក្បាលដីមានសំណង់ ក្បាលដីកសិកម្ម ស្ថិតិចំនួនប្រជាពលរដ្ឋ គ្រួសារពលរដ្ឋ នៅក្នុងតំបន់ការពារទី១ និងតំបន់ការពារទី២ នៃភូមិបុរាណទាំង ១១៤ភូមិ។
២. ឈរលើគោលដៅលើកកម្ពស់ជីវភាពរស់នៅ សិទ្ធិកាន់កាប់អចលនទ្រព្យ រាជរដ្ឋាភិបាលបានរៀបចំអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែង ដើម្បីផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរដែលស្ម័គ្រចិត្តប្តូរទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍ទាំង២ តាមរយៈការចាប់ឆ្នោត ដោយក្នុងមួយគ្រួសារទទួលបានដីឡូត៍ទំហំ ២០មx៣០ម និងផ្តល់នូវការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជាផ្លូវ ទឹកស្អាត អគ្គិសនី សាលារៀន មន្ទីរពេទ្យ ផ្សារ វត្តអារាម និងគោលនយោបាយផ្សេងទៀត។ល។
៣. មកដល់ពេលនេះមានគ្រួសារប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាប់ឆ្នោតទទួលយកគោលនយោបាយជាដីឡូត៍ទៅរស់នៅទីតាំងថ្មីសរុប ៩ ៩០៤គ្រួសារ ក្នុងនោះ ទៅតំបន់អភិវឌ្ឍរុនតាឯក ៥ ៨៦៥គ្រួសារ (ទទួលបានបណ្ណកម្មសិទ្ធិលើដីឡូត៍ ៥ ៦៨៦) និងតំបន់អភិវឌ្ឍពាក់ស្នែង ៤ ០៣៩គ្រួសារ៕
ដោយ ៖ ម៉ាដេប៉ូ