ការងារ កែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាការដាក់សម្ពាធ មិនមែនជាការវះកាត់ ឬជាដាក់វិធានការតឹងតែងចំពោះក្រសួង ស្ថាប័នទេ
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើង ការងារ កែទម្រង់រដ្ឋបាល សាធារណៈដែលក្រសួង មុខងារ សាធារណៈកំពុងសហការ និងសម្របសម្រួលនាពេលនេះ គឺមិនមែនជាការដាក់សម្ពាធ មិនមែនជាការវះកាត់ ឬជាដាក់វិធានការតឹងតែងចំពោះក្រសួង ស្ថាប័នទេ ផ្ទុយទៅវិញ នេះគឺជាការផ្តល់នូវការគាំទ្រ និងជំនួយបច្ចេកទេស ចាំបាច់ដើម្បី ធានាដល់ ស្ថាប័ន កាន់តែរឹងមាំ និងអនុវត្តបេសកកម្មរបស់ ក្រសួងស្ថាប័ន ឲ្យមានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សូមយើង ទាំងអស់គ្នាចាត់ទុកថា ការងារកែទម្រង់គឺជាឱកាស ឱកាសក្នុងការកែលម្អខ្លួនឯង និងឱកាស ក្នុងការកែលម្អ អង្គភាពឲ្យកាន់តែប្រសើរឡើង។
ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលា ស្តីពី«ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ក្នុងក្របខណ្ឌជាលេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.)។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ នៅនីតិកាលទី៧នៃរដ្ឋសភា មិនមែនជារឿងថ្មីនោះទេ គឺជាកិច្ចការ ដែល បន្តពីនីតិកាលមុនៗ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានកសាងគ្រឹះសម្រាប់យើង ដើម្បីអនុវត្តបន្ត។ នៅពេលនេះ ការងារកែទម្រង់រដ្ឋបាលសាធារណៈនីតិកាលទី៧នៃរដ្ឋសភា ខុសប្លែក ពីនីតិកាលទី៦ទៅលើ វិធីសាស្ត្រ នៃការអនុវត្ត និងការកំណត់អាទិភាព នៃវិធានការគន្លឹះតែប៉ុណ្ណោះ។
សិក្ខាសាលារយៈ ១ថ្ងៃពេញនេះ បានរៀបចំឱ្យមាននូវបទបង្ហាញចំនួន៣ ពីវាគ្មិនជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ព្រមទាំងរៀបចំវេទិការសំណួរ-ចម្លើយ លើប្រធានបទស្តីពី វិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៣ នៃរដ្ឋសភា ដើម្បីបកស្រាយនូវចម្ងល់មង្ទិលរបស់សិក្ខាកាមមកលើវិធានការគន្លឹះទាំង៣ ក្នុងការជំរុញដំណើរការអនុវត្តការជ្រើសរើស គ្រប់គ្រងនិងអភិវឌ្ឍមន្ត្រីរាជការស៊ីវិល ក្នុងការសម្រេចឱ្យបាននូវទស្សនវិស័យ និងគោលដៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សូមជម្រាបថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត និងមានការចូលរួមពីប្រធានក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួង ស្ថាប័ន អភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ព្រមទាំងតំណាងការដ្ឋានកែទម្រង់វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលទាំង៥ រួមមាន៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (អ.គ.ក.ស.) អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) លេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ (គ.ក.ប.យ.) និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) សរុបប្រមាណ ២៨០នាក់៕
ដោយ ៖ ង៉ាន់ ទិត្យ