ប្រតិភូចំនួន ៧៤រូប មកពីសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) បំពេញទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.
(ភ្នំពេញ)៖ គណៈប្រតិភូអន្ដរជាតិចំនួន៧៤រូប នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលធនធានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។
ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃរបៀបវារៈក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព (IPTP11) ដែលត្រូវបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្តីទីនៃមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. បានទទួលស្វាគមន៍ និងបានធ្វើបទបង្ហាញអំពីតួនាទីរបស់មជ្ឈមណ្ឌលក្នុងការលើកកម្ពស់ជំនាញផ្នែកច្បាប់ សិស្សនិស្សិត អ្នកស្រាវជ្រាវ និងសាធារណជនសម្រាប់ស្វែងយល់អំពីសារៈសំខាន់ផ្នែកច្បាប់ក្នុងតុលាការ និងដំណើរការជំនុំជម្រះក្ដីរបស់ អ.វ.ត.ក.។ គណៈប្រតិភូមានការចាប់អារម្មណ៍ជាពិសេសចំពោះតួនាទីរបស់ អ.វ.ត.ក. ក្នុងការចងក្រងឯកសារអំពីភាពឃោរឃៅនៃរបបខ្មែរក្រហម និងការរួមចំណែករបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាពជាសកល។
ឯកឧត្តម ក្រាញ់ តូនី មានប្រសាសន៍ថាៈ“យើងពិតជាមានកិត្តិយស និងសូមស្វាគមន៍ប្រតិភូមកពីសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព (IPTP) ដែលបានអញ្ជើញមកកាន់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នៅថ្ងៃនេះ។
ដំណើរទស្សនកិច្ចនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាចំពោះយុត្តិធម៌ ការផ្សះផ្សា និងការថែរក្សាប្រវត្តិសាស្ត្រ។ តាមរយៈការចូលរួមស្វែងយល់អំពីការងាររបស់ អ.វ.ត.ក. នេះ បានឆ្លុះបញ្ជាំងយ៉ាងច្បាស់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាសកលក្នុងការធានាបាននូវការទទួលខុសត្រូវចំពោះអំពើឃោរឃៅ និងការការពារការរំលោភសិទ្ធិមនុស្សនាពេលអនាគត។ តាមរយៈភាពជាដៃគូអន្តរជាតិ ដែលយើងបន្តពង្រឹងការទទួលខុសត្រូវរួមរបស់យើងចំពោះសន្តិភាព និងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិសម្រាប់យើងទាំងអស់គ្នា” ។
លើសពីនេះ ប្រតិភូទាំងអស់ក៏បានអញ្ជើញទស្សនាបណ្ណាល័យ ឯកសារទទួលបានពីការជំនុំជម្រះក្ដីក្នុងបណ្ណ សារ រថយន្ដក្រុង អ.វ.ត.ក. ចល័ត ឯកសារផ្សព្វផ្សាយរបស់ អ.វ.ត.ក. និងយល់ដឹងពីរបៀបចូលទៅពិនិត្យមើលឯកសារឌីជីថលជាង ២.៤លានទំព័រក្នុងបណ្ណសារឌីជីថលរបស់ អ.វ.ត.ក. ផងដែរ។
ប្រតិភូអន្ដរជាតិ IPTP បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អ.វ.ត.ក. ក្នុងការធានានូវការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរបបខ្មែរក្រហម ហើយបានសន្យាបន្តធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីទប់ស្កាត់អំពើឃោរឃៅបែបនេះកុំឱ្យកើតឡើងម្តងទៀត៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា