អគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សា ដំបូកខ្ពស់ ត្រូវបានសម្ពោធ
សៀមរាប៖អគារសិក្សាមួយខ្នង មានពីរបន្ទប់ អមដោយបរិក្ខាបំពាក់ស្រេច ជាអំណោយរបស់ លោក នីវិល និងលោកស្រី ឡេសស្លី មិឆែល និងក្រុមគ្រួសារផ្តល់តាមរយៈអង្គការ Rotary club អូស្ត្រាលី និងអង្គការចក្ខុវិស័យកម្ពុជាផ្តល់ជូនសាលាបឋមសិក្សា ដំបូកខ្ពស់ នៃឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានសម្ពោធក្រោមវត្តមានលោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ និងលោក ប៊ែរី ថេនីន ប្រធានអង្គការ Rotary club រួមសហការី និងម្ចាស់ជំនួយ ។
ក្នុងឱកាសនោះលោកអភិបាលស្រុកស្វាយលើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ជំនួយ,អង្គការ Rotary club អូស្ត្រាលី និងអង្គការចក្ខុវិស័យកម្ពុជាដែលបានបរិច្ចាគជាថវិការបស់ខ្លួនជួយសាងសង់អគារសិក្សាមួយខ្នងនេះ។លោកបន្តថា កន្លងមកអង្គការចក្ខុវិស័យកម្ពុជា បានចូលរួមយ៉ាង សកម្មលើវិស័យអប់រំ សុខាភិបាល និងជួយដល់ជនរងគ្រោះ ខ្វះខាតស្បៀង ផ្តល់អណ្តូងទឹក,បង្គន់អនាម័យជាដើម។កាយវិការដ៏សប្បុរសនេះ ក្នុងន័យជួយអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាកាន់តែមានការរីកចម្រើន ។
ចំណែកលោក ស៊ត់ ចន្ថា នាយកប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជា បានលើករាល់សកម្មភាព និងលទ្ធផលរបស់អង្គការ ចក្ខុវិស័យកម្ពុជា គឺបម្រើផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកស្វាយលើ។ចំណែក អគារមួយខ្នង មានពីរបន្ទប់ធ្វើអំពីថ្ម ប្រកស័ង្កសីអ៊ីសូឡង់ចំណាយថវិកា ៣១ ២៧៣ដុល្លារ ៕
ដោយ៖ប៊ុនរដ្ឋា