Elon Musk ផ្តើមប្រើឥទ្ធិពលក្រសួងថ្មី កែ​កម្មវិធីអាវុធ​របស់មន្ទីរបញ្ចកោណ

បរទេស៖ ផ្អែកតាមការចុះផ្សាយរបស់កាសែត Fortune នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោកមហាសេដ្ឋី Elon Musk ដែលនឹងក្លាយរដ្ឋមន្ត្រីមួយរូប នៃក្រសួងប្រសិទ្ធិភាពរដ្ឋាភិបាលអាមេរិក ដែលជាក្រសួងថ្មីក្រោមរដ្ឋបាល​ Donald Trump កាលពីថ្ងៃអាទិត្យ បានបង្ហាញពីការផ្តោតលើយន្តហោះចម្បាំង និងកម្មវិធីអាវុធថ្លៃបំផុត របស់មន្ទីរបញ្ចកោណ។

បុរសមានទ្រព្យសរុបជិត ៣៥០ពាន់លានដុល្លារអាមេរិក រូបនេះ បាននិយាយរិះគន់ពីការផលិតយន្តហោះចម្បាំងបំបាំងកាយ F-35 ខណៈដែលលោកគាំទ្រយន្តហោះគ្មានមនុស្សបើក ជាងយន្តហោះ ដែលមានមនុស្សបើក។

នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួន លោក Musk បានបង្ហោះវីដេអូ បង្ហាញពីដ្រូនហោះហើរក្នុងទម្រង់ដ៏ឧឡារិក ដោយបញ្ជាក់បន្ថែមថា «មនុស្សឆ្កួតមួយចំនួន នៅតែបង្កើតយន្តហោះចម្បាំង ដែលមានមនុស្សបើក ដូចជា F-35 ជាដើម»។ អ្នកលេងបណ្តាញសង្គម បានសរសេរ comment លើការបង្ហោះរបស់ Musk ថា «Drones គឺជាកម្រិតថ្មី នៃសង្គ្រាម» ហើយលោក Musk បានឆ្លើយតប ជាមួយនឹងសញ្ញា «100» ដែលបង្ហាញ ពីការគាំទ្រខ្លាំង។

យ៉ាងណាមិញ អ្នកនាំពាក្យការិយាល័យកម្មវិធីរួម របស់មន្ទីរបញ្ចកោណ បាននិយាយថា «យើងមានយន្តហោះមានសមត្ថភាពប្រយុទ្ធ ក្នុងប្រតិបត្តិការ សព្វថ្ងៃ ហើយពួកវាធ្វើបានយ៉ាងល្អ ប្រឆាំងនឹងការគំរាមកំហែង…រីឯ អ្នកបើកយន្តហោះបន្តសង្កត់ធ្ងន់ថា នេះគឺជាយន្តហោះចម្បាំង ដែលពួកគេចង់ប្រើ ធ្វើសង្គ្រាម»។

ប្រភពបន្តថា «នេះគឺការបោះជំហានជាអន្តរជាតិ ហើយយន្តហោះទាំងនេះ គឺជាជម្រើសសម្រាប់ដៃគូ និងសម្ព័ន្ធមិត្ត ហើយក្នុងរយៈពេល១០ ឆ្នាំខាងមុខ នឹងមានយន្តហោះ F-35 ចំនួន ៧០០គ្រឿង នៅក្នុងទ្វីបអឺរ៉ុប ហើយមានតែ៦០ គ្រឿងប៉ុណ្ណោះដែលជាកម្មសិទ្ធិ របស់សហរដ្ឋអាមេរិក។

ជាមួយគ្នានេះ ក្រុមហ៊ុន Lockheed Martin ដែលជាអ្នកផលិតសព្វាវុធដ៏សំខាន់របស់អាមេរិក បាននិយាយថា ក្រុមហ៊ុននឹងធ្វើការជាមួយរដ្ឋបាលថ្មី និងគាំទ្រសមត្ថភាព របស់ F-35 ។ អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដូចដែលយើងបានធ្វើនៅក្នុងអាណត្តិដំបូងរបស់លោក Trump គឺយើងទន្ទឹងរង់ចាំ ទំនាក់ទំនងការងារដ៏រឹងមាំ ជាមួយប្រធានាធិបតី Trump, ក្រុមរបស់លោក និងជាមួយសភាថ្មី ដើម្បីពង្រឹងការការពារជាតិរបស់យើង»។ ប្រភពបន្តថា «F-35 គឺជាយន្តហោះចម្បាំងទំនើបបំផុត ដែលអាចបន្តមានវត្តមាន និងតភ្ជាប់គ្នា ក្នុងពិភពលោក ដែលជាមូលដ្ឋានគ្រឹះ នៃប្រតិបត្តិការទាំងអស់ រួមគ្នា»។

តាមរយៈកាសែត Wall Street Journal សប្តាហ៍មុន លោក Musk និងសហរដ្ឋមន្ត្រីក្រសួងប្រសិទ្ធិភាពរដ្ឋាភិបាល គឺ លោក Vivek Ramaswamy បានបង្ហាញរបៀបវារៈ របស់ក្រសួងថ្មីនេះ ប៉ុន្តែ ពួកលោកមិនបានលើកឡើង ពីកម្មវិធីអាវុធណាមួយទេ គ្រាន់តែបានកត់សម្គាល់ថា មន្ទីរបញ្ចកោណ ថ្មីៗនេះ បានបរាជ័យក្នុងការធ្វើសវនកម្ម លើកទី៧ជាប់ៗគ្នា ហើយ បានណែនាំថា ភាពជាអ្នកដឹកនាំរបស់ទីភ្នាក់ងារមួយនេះ មានគំនិតតិចតួច ព្រមទាំង បាននិយាយរិះគន់អំពីរបៀបចំណាយថវិកាប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណ ដែលមានជាង៨០០ពាន់លានដុល្លារអាមេរិក ទៀតផង៕

ប្រភពពី Fortune ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner