ការផលិតឡាននៅ​ប្រទេសថៃថយចុះយ៉ាងគំហុក​ ព្រោះការលក់ធ្លាក់ខ្លាំង

បាងកក៖ ផ្អែកតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃចន្ទនេះ ប្រទេសថៃត្រូវបានព្យាករណ៍ថា នឹងផលិតរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ចំនួន១.៥ លានគ្រឿង នៅឆ្នាំនេះ ដែលជាចំនួនសរុបទាបបំផុត ចាប់តាំងឆ្នាំ២០២១ ដោយសារការលក់ក្នុងស្រុក និងការដឹកជញ្ជូន ទៅក្រៅប្រទេស បានធ្លាក់ចុះ នេះបើយោងតាមសហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ FTI ។

លោក Surapong Paisitpatnapong អ្នកនាំពាក្យ FTI បាននិយាយ នៅក្នុងសន្និសីទខ្លីមួយថា ក្រុមផលិតបានកាត់បន្ថយការព្យាករណ៍ទិន្នផលរថយន្តរបស់ខ្លួន ជាលើកទីពីរ ក្នុងឆ្នាំនេះ ព្រោះលក្ខខណ្ឌក្នុងស្រុកមិនអំណោយផល និងសញ្ញានៃភាពទន់ខ្សោយ នៃការនាំចេញ។ នៅក្នុងខែកក្កដា គេធ្លាប់បានកាត់បន្ថយ ការរំពឹងទុក​មកត្រឹម ១.៧លានគ្រឿង ពីការព្យាករណ៍កាលពីមុន ដែលថាមានចំនួន១.៩លានគ្រឿង។

ការលក់រថយន្តរបស់ប្រទេសថៃបានធ្លាក់ចុះ ជាលំដាប់ នៅឆ្នាំនេះ ដោយធនាគារមានការស្ទាក់ស្ទើរ ក្នុងការផ្តល់ប្រាក់កម្ចី ចំពេលមានបំណុលគ្រួសារជិតដល់កំណត់ត្រា និងការកើនឡើងប្រាក់កម្ចីខ្លាំង។ រដ្ឋបាលរបស់ លោកស្រី នាយករដ្ឋមន្ត្រី Paetongtarn Shinawatra កំពុងធ្វើការលើផែនការ ដើម្បីកាត់បន្ថយការអូសទាញសេដ្ឋកិច្ចឲ្យធ្លាក់ចុ ពីបំណុលគ្រួសារ ដែលមានលើសពី ៥០០ពាន់លានដុល្លារអាមេរិក។

លោក Surapong បាននិយាយថា ការផ្តល់ប្រាក់កម្ចីពីធនាគារតឹងតែង ជាពិសេស សម្រាប់រថយន្តភីកអាប់ នៅតែបន្តដាក់សម្ពាធ លើការលក់រថយន្តក្នុងស្រុក ខណៈដែលការកើនឡើងនូវភាពចលាចល នៅមជ្ឈិមបូព៌ា ក៏កំពុងប៉ះពាល់ដល់ការដឹកជញ្ជូនរថយន្ត ផងដែរ។

នៅក្នុងខែតុលាតែមួយ ការលក់រថយន្តក្នុងស្រុក បានធ្លាក់ចុះ ៣៦% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនមក នៅត្រឹម ប្រមាណ៣៧,៦៩០ គ្រឿង ខណៈដែលការនាំចេញរថយន្តបានធ្លាក់ចុះ ២០.២% ធៀបនឹងឆ្នាំមុនមកត្រឹម ប្រមាណ ៨៤,៣៣០ គ្រឿង នេះបើតាមកាសែត Bangkok Post ដដែល៕

ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner