កម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិក២០២៤ ផ្សារភ្ជាប់សកម្មភាពកីឡាឆ្ពោះទៅព្រឹត្តិការណ៍យុវជនអាស៊ីឆ្នាំ២០២៩
(ភ្នំពេញ)៖ យុទ្ធនាការអប់រំផ្សព្វផ្សាយពីគុណតម្លៃកីឡាអូឡាំពិក ២០២៤ បានចាប់ផ្តើមបើកយុទ្ធនាការផ្សព្វផ្សាយហើយ ដោយជ្រើសរើសយកសាលារដ្ឋគោលដៅចំនួន១០នៅទូទាំងប្រទេស គឺនៅរាជធានីភ្នំពេញ មានសាលាចំនួន៤ និងតាមបណ្តាខេត្តចំនួន៦។
នេះបើយើងតាមការបញ្ជាក់ពី ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ទីប្រក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងបញ្ជាក់ ក្នុងយុទ្ធនាការ ការអប់រំផ្សព្វផ្សាយពីគុណតម្លៃកីឡាអូឡាំពិក ២០២៤ នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ បានគូសបញ្ជាក់ថា ឆ្នាំនេះ សម្រាប់ យុទ្ធនាការផ្សព្វផ្សាយក្នុងឆ្នាំ២០២៤នេះ បានធ្វើឡើងក្រោមប្រធានបទ ហៅជាភាសាអង់គ្លេសថា OVEP’s Learn and Play ដោយប្រែជាភាសាខ្មែរថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិក៖ រៀននិងលេង» ដែលជាប្រធានបទដើរស្របគ្នា រវាងការសិក្សាអំពីគុណតម្លៃអូឡាំពិក ផ្សាភ្ជាប់ជាមួយសកម្មភាពកីឡា និងការបង្ហាញនូវសាមគ្គីភាព នៃការលេងកីឡាជាដើម ។
ឯកឧត្តម បានរំលេចបន្ថែម ការអប់រំផ្សព្វផ្សាយពីគុណតម្លៃកីឡាអូឡាំពិក ២០២៤ ដែលយើងកំពុងចាប់ផ្តើមផ្សព្វផ្សាយនេះ យើងក៏រំលេចនូវគោលបំណង២សំខាន់ផងដែរ ។ ទី១ រំលេចផ្សព្វផ្សាយអំពីប្រវត្តនិងទស្សនៈវិជ្ជានៃគុណតម្លៃអូឡាំពិក និង ទី២ ផ្សព្វផ្សាយយុទ្ធនាការកីឡាឆ្ពោះទៅកីឡាយុវជនអាស៊ីលើកទី៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ៣០២៩។
សម្រាប់ការចាប់ផ្ដើមយុទ្ធនាការថ្មីនេះ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ជឿជាក់ខ្ពស់ថា យុទ្ធនាការ កម្ពុជាឆ្ពោះទៅកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ មានលក្ខណៈងាយស្រួលជាងក្នុងការផ្សព្វផ្សាយ ដោយសារបន្ទាប់ពីយើងទទួលបានជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ គឺដោយហេតុថា មហាជន ក៏ដូចជាសិស្សានុសិស្ស និងយុវជនភាគច្រើន បានទទួលនូវព័ត៌មាន និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ពោលគឺពួកគាត់បានជ្រូតជ្រាបច្រើនអំពីគុណតម្លៃនៃកីឡា ក៏ដូចជាគុណតម្លៃនៃអូឡាំពិក ។
អ្វីដែលយើងសង្កេតឃើញ ពាក់ព័ន្ធនឹងការចូលរួមសកម្មភាពកីឡា ជាក់ស្ដែងមានសិស្សានុសិស្ស យុវជន និងមហាជនទាំងអស់ គាត់បានចូលរួមលេងកីឡាបានច្រើនជាង បើយើងធៀបមុនឆ្នាំ២០២៣ ។ ដូច្នេះយើងសង្ឃឹមជឿជាក់ថា សម្រាប់កម្មវិធីអប់រំ និងនិងផ្សព្វផ្សាយគុណតម្លៃអូឡាំពិក ក៏ដូចជាកម្ពុជាឆ្ពោះទៅកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ យើងនឹងរៀបចំបានកាន់តែទូលំទូលាយ ក៏ដូចជាកាន់តែផុសផុលបន្ថែមទៀត ដែលយើងផ្ដោតសំខាន់ គឺរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការជំរុញការផ្សព្វផ្សាយយុទ្ធនាការ ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត របស់ពួកគាត់ ។
គួរឱ្យដឹងដែរថាយុទ្ធនាការអប់រំផ្សព្វផ្សាយពីគុណតម្លៃកីឡាអូឡាំពិក ២០២៤ តាមការគ្រោងទុករបស់គណៈកម្មាធិការជាតិអូឡាំពិក និងរៀបចំឡើងនៅសាលារដ្ឋចំនួន១០នៅទូទាំងប្រទេស ក្នុងនោះ ៤សាលានៅរាជធានីភ្នំពេញមានដូចជា វិទ្យាល័យបាក់ទូក ថ្ងៃទី២៥ នឹងបន្តទៅវិទ្យាល័យឫស្សីកែវ ថ្ងៃទី២៦ ខែវិច្ឆិកា, ថ្ងៃទី២៧ ខែវិច្ឆិកា ទៅអនុវិទ្យាល័យវត្តដំបូកខ្ពស់ និងថ្ងៃទី២៨ ខែវិច្ឆិកា នៅវិទ្យាល័យ ហ៊ុនសែនប៊ុនរ៉ានី ផ្សារដើមថ្កូវ ខណៈដែល ៦សាលានៅបណ្តាខេត្តមានដូចជាកែប និងខត្តកំពតជាដើម ៕
ថតដោយ ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ