រុស្ស៊ីប្រើយុទ្ធសាស្ត្រលុបចោលបំណុល ដើម្បីកែនទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែន
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ដែលនឹងលុបចោលបំណុលចំពោះជនទាំងឡាយណា ដែលចុះឈ្មោះចូលបម្រើកងទ័ព ដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន។
ច្បាប់ថ្មីនេះ នឹងអនុវត្តចំពោះអ្នកដែលចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ព ជាមួយកិច្ចសន្យា១ឆ្នាំ ឬច្រើនជាងនេះ ហើយវានឹងលុបចោលបំណុលអ្នកដែលជំពាក់គេក្រោម ៩៦,០០០ដុល្លារ។
យុទ្ធសាស្ត្រនេះបានអនុញ្ញាតឱ្យយោធាបង្កើនកម្លាំងរបស់ខ្លួននៅក្នុងតំបន់ជម្លោះ ខណៈជៀសវាងការបញ្ជាឱ្យកេណ្ឌទ័ពផ្សេងទៀត។ ការកេណ្ឌទ័ពដោយផ្នែកនៅក្នុងខែកញ្ញា ឆ្នាំ ២០២២ បានបង្កឱ្យបុរសជនជាតិរុស្ស៊ីរាប់ម៉ឺននាក់ ភៀសខ្លួនចេញពីប្រទេស ដើម្បីចៀសវាងការចុះឈ្មោះចូលបម្រើការងារក្នុងកងទ័ព។
យ៉ាងណាមិញ សង្គ្រាមដ៏តានតឹង និង អូសបន្លាយបានធ្វើឱ្យធនធានរុស្ស៊ីកាន់តែតានតឹង។ លោក ពូទីន កាលពីខែកញ្ញា បានអំពាវនាវឱ្យយោធាបង្កើនកងទ័ពរបស់ខ្លួនចំនួន ១៨០.០០០នាក់។
ចាប់តាំងពីសង្គ្រាមផ្ទុះឡើង រុស្ស៊ីបាត់បង់ពលទាហានដល់ទៅជាង ៧២៩,០០០នាក់។ នេះបើតាមក្រសួងការពារជាតិអ៊ុយក្រែន បានចែករំលែកតួលេខពីអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។
យោងតាមអគ្គលេខាធិកាអង្គការណាតូ លោក ម៉ាក រូត បានឱ្យដឹងកាលពីចុងខែតុលាថា ចាប់តាំងពីរុស្ស៊ីបើកការវាយលុកពេញទំហឹងក្នុងខែកុម្ភៈ ឆ្នាំ២០២២មក កងកម្លាំងរុស្ស៊ីបានស្លាប់ឬរងរបួសជាង ៦០០,០០០នាក់៕
ប្រភព ៖ Business Insider ប្រែសម្រួល ៖ ឈឹម ទីណា