មេធំអ៊ីរ៉ង់ទទូចឱ្យកាត់ទោសប្រហារជីវិតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល
បរទេស៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានអំពាវនាវឱ្យមានការកាត់ទោសប្រហារជីវិតសម្រាប់លោក Benjamin Netanyahu នាយករដ្ឋមន្រ្ដី នៃប្រទេសអ៊ីស្រាអ៊ែល ដែលជាមនុស្សខ្ពើមរអើមនឹងអ៊ីរ៉ង់ ដោយនិយាយថា ដីកាចាប់ខ្លួន ICC សម្រាប់មេដឹកនាំអ៊ីស្រាអែលរូបនេះ គឺ «មិនគ្រប់គ្រាន់ទេ»។
លោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានប្រាប់ក្រុមគណៈប្រតិភូ ដែលធ្វើទស្សនកិច្ច នៅមូលដ្ឋាន Basij ដែលជាកងកម្លាំងប្រដាប់អាវុធមានទំនាក់ទំនងជាមួយឆ្មាំបដិវត្តន៍របស់ប្រទេសនេះថា «ពួកគេបានចេញដីកាចាប់ខ្លួនលោក Netanyahu វាមិនគ្រប់គ្រាន់ទេ ..ការកាត់ទោសប្រហារជីវិតលើលោក Netanyahu ត្រូវតែដាក់ចេញ» ។
ការលើកឡើងនេះ បានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC បានចេញដីកាចាប់ខ្លួន ដោយបានអះអាងថា លោក នាយករដ្ឋមន្ត្រី និង អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល មួយរូបទៀត ត្រូវបានចោទប្រកាន់ ពីបទ «ឧក្រិដ្ឋកម្មសង្គ្រាម» និង «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» សម្រាប់សកម្មភាពរបស់អ៊ីស្រាអែល នៅហ្គាហ្សា ដែលស្លាប់មនុស្ស ប្រមាណ៤ម៉ឺន៤ពាន់នាក់ហើយ ជាង១ឆ្នាំមកនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត