ឡានក្រុងដឹកសិស្ស និងគ្រូធ្លាក់ច្រាំងថ្ម ស្លាប់ និងរបួសជិត ៣០នាក់
លីម៉ា ៖ អាជ្ញាធរប៉េរូបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ១១នាក់បានស្លាប់ និង១៨នាក់របួស បន្ទាប់ពីឡានក្រុងដឹកសិស្ស និងគ្រូបង្រៀន រួមទាំងអាណាព្យាបាលមួយគ្រឿង បានជួបគ្រោះថ្នាក់ធ្លាក់ច្រាំងថ្មចោទ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Andina របស់ប្រទេសប៉េរូ បានឲ្យដឹងថា ឡានក្រុងដឹកមនុស្ស ៥៧នាក់មួយគ្រឿង បានបើកបុកគ្នាជាមួយឡានមួយគ្រឿងទៀត មុនពេលក្រឡាប់ធ្លាក់ច្រាំងថ្មកាលពីថ្ងៃសៅរ៍។
នាយកប្រចាំតំបន់នៃទីក្រុង San Martin លោក Jorge Sanchez បានប្រាប់កាសែត AFP ថាសោកនាដកម្មនេះ បណ្តាលអោយមនុស្សចំនួន ១១នាក់បាត់បង់ជីវិត។ ក្នុងចំណោមពួកគេ មានសិស្សសាលាអាយុ ១៧ឆ្នាំចំនួន ៥នាក់ និងកុមារអាយុ ២ឆ្នាំម្នាក់។ អាជ្ញាធរបាននិយាយថា មនុស្ស ១៨នាក់ទៀតបានរងរបួស។
ឡានក្រុងនោះ បានជួបគ្រោះនៅពេលដឹកសិស្សសាលាមួយក្រុម ព្រមទាំងគ្រួសារ និងគ្រូបង្រៀន ធ្វើដំណើរពីទីក្រុង Piura ភាគខាងជើងរបស់ប្រទេសប៉េរូ ទៅកាន់នាយកដ្ឋាន Amazonian នៃតំបន់ San Martin។
គួរបញ្ជាក់ថា ឧបទ្ទវហេតុពាក់ព័ន្ធនឹងឡានក្រុងនៅក្នុងប្រទេសប៉េរូ មានអ្នកស្លាប់ចំនួន ៣,១៣៨នាក់ ត្រូវបានកត់ត្រានៅក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០២៣ នេះបើយោងតាមក្រសួងដឹកជញ្ជូន និងទំនាក់ទំនងប៉េរូ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា