ប្រធានសន្តិសុខរុស្ស៊ីជួបមន្ត្រីជាន់ខ្ពស់របស់ពួកតាលីបង់
បរទេស ៖ អាហ្វហ្គានីស្ថានបាននិយាយថា មន្ត្រីសន្តិសុខកំពូលរុស្ស៊ី លោក Sergei Shoigu បានទៅជួបមន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ ដោយធានាថា ទីក្រុងមូស្គូនឹងដកពួកតាលីបង់ ចេញពីបញ្ជីអង្គការហាមឃាត់ របស់ខ្លួន ក្នុងពេលឆាប់ៗនេះ។
ចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់អំណាច នៅប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២១ ដំណើរទស្សនកិច្ចរបស់មន្ត្រីបរទេស គឺមិនសូវមាននោះទេ ដោយសារគ្មានប្រទេសណាមួយទទួលស្គាល់ ជាផ្លូវការ នូវរដ្ឋាភិបាល នៃអតីតក្រុមបះបោរ ឬ ពួកតាលីបង់ នេះទេ ជាពិសេស វិធានការរឹតត្បិតខ្លាំង លើស្ត្រីនៅអាហ្វហ្គានីស្ថាន។ យ៉ាងណាមិញ ទីក្រុងកាប៊ុលកំពុងបង្កើនកិច្ចការទូត ចំពោះប្រទេសជិតខាង ក្នុងតំបន់ ដោយសង្កត់ធ្ងន់ លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ។
លោក Shoigu លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បានជួបក្រុមអាហ្វហ្គានីស្ថាន នៅទីក្រុងកាប៊ុល ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច គឺ លោក Abdul Ghani Baradar ។
ការិយាល័យរបស់លោក Baradar បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយ នៅលើគេហទំព័រ និង ប្រព័ន្ធផ្សព្វផ្សាយសង្គម X បង្ហាញថា «លោក Baradar បានប្រកាសថា ដើម្បីពង្រីកទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ឈ្មោះរបស់រដ្ឋឥស្លាម នឹងត្រូវដកចេញពីបញ្ជីខ្មៅ របស់រុស្ស៊ី ឆាប់ៗនេះ»។ គួរបញ្ជាក់ថា «ឥស្លាមអេមីរ៉ាត» គឺជាឈ្មោះដែលរដ្ឋាភិបាលតាលីបង់ ប្រើប្រាស់ ដើម្បីហៅដោយខ្លួនឯង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត