ភាពស្រស់ស្អាត នៃសាលាមត្តេយ្យសិក្សារបស់រដ្ឋ “ធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពល ” បានទាក់ទាញដល់ សិស្សានុសិស្ស ចូលរៀនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ

(ព្រៃវែង)៖ សាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពល បាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍ដល់ប្រជាពលរដ្ឋជាពិសេស ក្មេងៗ កុមារា កុមារី បានមកចូលរៀន យ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

នេះបើតាមការបញ្ជាក់របស់លោកស្រី ឯក សុវណ្ណារ៉ា នាយិកាសាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពលបានឲ្យដឹងនៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៤ ។

លោកស្រីនាយិកាសាលា បានឲ្យដឹងទៀតថា សាលាមត្តេយ្យរបស់រដ្ឋនេះស្ថិត នៅស្រុកពារាំង ខេត្តព្រៃវែង ក្នុងសាលានេះមានសិស្ស ចំនួន២៩៣ នាក់ ស្រីចំនួន ១៣៣ នាក់ និងបុគ្គលិក ១០ នាក់ អ្នកគ្រូចំនួន ៧ គ្រូកិច្ចជាប់កិច្ចសន្យាចំនួន ៧ នាក់ ដោយបែងចែកជាបីកម្រិត មានកម្រិតទាប មធ្យម និងកម្រិតខ្ពស់ ដោយទទួលសិស្សចូលរៀនចាប់ពីអាយុ ៣ រហូតដល់ ៥ ឆ្នាំ ។

ការរៀបចំតុបតែងសោភ័ណ្ឌភាព បានធ្វើឲ្យមានភាពស្រស់ស្អាតនៅក្នុងសាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពលនេះ គឺបាន តាមរយៈការជួយជ្រុំជ្រែងណែនាំចង្អុលបង្ហាញពីគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺលោក បណ្ឌិត ភីតផល្លី និងលោកស្រី ដែលជាអ្នកឧបត្ថម្ភគាំទ្រ មានទាំងសម្ភារៈក្មេងលេង ជាច្រើន រៀបចំតុបតែងធ្វើឲ្យសាលាបានស្អាតទាំងបរិស្ថានល្អផងដែរ ។

ជាមួយគ្នានោះផងដែរអាណាព្យាបាលសិស្សានុសិស្សដែលបាននាំកូនមករៀននៅក្នុងសាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពល នេះក៏បានលើកឡើងផងដែរថា កូនគាត់បានមករៀននៅទីនេះ គឺសប្បាយចិត្តចង់មករៀនហើយ ចង់មកទៀត ចំណែកឯ បញ្ញាស្មារតី ចំណេះដឹងរបស់គាត់ក៏មានការីកចម្រើនផងដែរ ព្រោះថានៅក្នុងសាលានេះអ្នកគ្រូៗបានខិតខំយកចិត្តទុកដាក់បង្រៀនកូនគាត់បានយ៉ាងល្អហើយម្យ៉ាងទៀតនោះសាលានេះក៏មានសោភ័ណភាពស្អាត អនាម័យល្អ ដែលធ្វើឲ្យទឹកចិត្តកូនៗរបស់គាត់ចង់មករៀនមិនដែលខាននោះទេ៕

ដោយ ៖ នុត នាង

ads banner