ប្រធានវិទ្យាស្ថាន KSI បង្ហាញជំនឿថា កម្ពុជា នឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់ថែមទៀត
(ភ្នំពេញ)៖ ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ។
លោក តាន់ស្រ៊ី មីសែល យ៉ាវ ( Tan Sri Micheal Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (KSI) បានលើកឡើងដូច្នេះ ក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
នៅក្នុងឱកាសនៃជំនួប លោកប្រធានវិទ្យាស្ថាន KSI បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូល “សេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ ២០២៤” នៅកម្ពុជា ដែលមានការចូលរួមពីធុរជនជាច្រើនមកពីទ្វីបអឺរ៉ុប អាស៊ី និងបណ្ដាប្រទេសធំៗ ដូចជា ចក្រភពអង់គ្លេស អាល្លឺម៉ង់ អូស្រ្ដាលី ជប៉ុន ចិន និងបណ្ដាប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ាន។
កិច្ចប្រជុំកំពូលនេះ មានគោលបំណងបង្កើតជាវេទិកាមួយ ដើម្បីផ្ដល់ឱកាសដល់ធុរជន និងវិនិយោគិនបរទេសបានស្វែងយល់កាន់តែច្បាស់ថែមទៀតអំពីកាលានុវត្តភាព និងសក្ដានុពលនៃការវិនិយោគនៅកម្ពុជា ហើយបណ្ដាវិនិយោគិនដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះ ក៏មានបំណងវិនិយោគនៅកម្ពុជាផងដែរ។ ជាមួយគ្នានោះ លោកប្រធានក៏បានគូសបញ្ជាក់ថា វិទ្យាស្ថាន KSI នឹងអាចចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
លោកប្រធានវិទ្យាស្ថានមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត
ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់វិទ្យាស្ថាន KSI ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះនៅកម្ពុជា និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដេីម្បីកំណើន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព។
សម្ដេចបវរធិបតី បានគូសបញ្ជាក់ផងដែរថា ការជំរុញកំណើនសេដ្ឋកិច្ច គឺជាអាទិភាពចម្បង របស់រដ្ឋាភិបាលកម្ពុជា ហើយវិស័យឯកជន បានដើរតួនាទីគន្លឹះក្នុងការបង្កេីតការងារ ដេីម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែល្អប្រសេីរ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញ នូវគោលនយោបាយ យន្តការចាំបាច់នានា និងការលេីកទឹកចិត្តដើម្បីធានាបរិយាកាសវិនិយោគប្រកបដោយភាពប្រកួតប្រជែង និងការតភ្ជាប់ទៅកាន់ ទីផ្សារតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី សំដៅធានានូវភាពជោគជ័យ និងកាលានុវត្តភាព កាន់តែច្រើនថែមទៀត សម្រាប់វការវិនិយោគ នៅកម្ពុជា។
នាឱកាសនោះ លោកប្រធានវិទ្យាស្ថាន KSI ក៏បានប្រគល់ពានរង្វាន់ “ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក” ជូនសម្ដេចបវរធិបតី ផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ