អគ្គនាយកដ្ឋានសំណង់ ក្រសួងរៀបចំដែនដី អនុវត្តតួនាទីភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល
(ភ្នំពេញ)៖ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តការងារតាមតួនាទីនិងភារកិច្ច ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ រួមមាន៖
១. ការបង្កើនសមត្ថភាពមន្ត្រី៖ ដោយបានធ្វើការបណ្តុះបណ្តាលផ្ទៃក្នុងដល់មន្ត្រីរាជការនៅទីស្ដីការក្រសួង និងមន្ទីរ ដ.ន.ស.ស.រាជធានី ខេត្ត និងការផ្សព្វផ្យាយអំពីនីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់។
២. ការកសាងរដ្ឋបាលទំនើប៖ ដោយបានធ្វើការកសាងបទដ្ឋានបច្ចេកទេស និងបទប្បញ្ញាត្តិបច្ចេកទេសក្នុងវិស័យសំណង់ និងការធ្វើឌីជីថលូបនីយកម្មក្នុងវិស័យសំណង់។
៣. ការកសាងលិខិតបទដ្ឋានគតិយុត្ត៖ ដើម្បីគាំទ្រការអនុវត្តច្បាប់ស្ដីពីសំណង់ក្នុងគោលដៅពង្រឹងគុណភាព និងសុវត្ថិភាពសំណង់ ការលើកកម្ពស់សោភណភាពសំណង់និងបរិស្ថាន និងការលើកតម្កើងស្ថាបត្យកម្មខ្មែរសហសម័យ និងរចនាបថខ្មែរទំនើប។
៤. ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ និងអ្នកប្រកបអាជីវកម្ម៖ ដោយបានធ្វើការពិនិត្យសមត្ថភាពវិជ្ជាជីវៈក្នុងការផ្ដល់អាជ្ញាបណ្ណប្រកបអាជីវកម្មក្នុងវិស័យសំណង់ ស្ថាបត្យករនិងវិស្វករ និងការបណ្តុះបណ្តាលវិជ្ជាជីវៈជាបន្តបន្ទាប់ដល់អ្នកវិជ្ជាជីវៈ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការងារសំណង់។
៥. ការផ្តល់សេវាសាធារណៈក្រោមបរិយាកាសនៃការផ្តល់សេវាគាប់ចិត្ត៖ ដោយបានផ្ដល់លិខិតអនុញ្ញាតសាងសង់សរុបចំនួន ២ ៦២២គម្រោង ការចុះត្រួតពិនិត្យការដ្ឋានសរុបចំនួន ១ ៨៧១ការដ្ឋាន រួមទាំងការដោះស្រាយវិវាទសំណង់ ៕
ដោយ / គ្រី សម្បត្តិ