បេសកជនពិសេសរដ្ឋាភិបាលជប៉ុន អរគុណកម្ពុជា ដែលបានធ្វើឱ្យប្រទេសជប៉ុន មានមុខមានមាត់ ក្នុងឆាកអន្តរជាតិ

(ភ្នំពេញ)៖ បេសកជនពិសេសរដ្ឋាភិបាលជប៉ុន បានថ្លែងអំណរគុណសម្តេចតេជោ និងប្រទេសកម្ពុជា ដែលបានធ្វើឱ្យប្រទេសជប៉ុន មានមុខមានមាត់ ក្នុងឆាកអន្តរជាតិ ពាក់ព័ន្ធនឹងការបញ្ជូនកម្លាំងប្រតិបត្តិការ រក្សាសន្តិភាព (PKO) ទៅក្រៅប្រទេស ដោយសម្តេច យល់ព្រមឱ្យមាន កម្លាំងប្រតិបត្តិការ រក្សាសន្តិភាព របស់ជប៉ុន នៅកម្ពុជា ក្រោមឆ័ត្រអ៊ុនតាក់ ។

លោក Masaharu KOHNO បេសកជនពិសេស រដ្ឋាភិបាលជប៉ុន បានថ្លែងដូច្នេះ ក្នុងឱកាសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញាតិឱ្យចូលជួប សម្ដែងការគួរសម កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ ។

ក្នុងឱកាសនៃជំនួប លោក Masaharu KOHNO បានជម្រាបជូនសម្ដេចថា លោកពិតជាកោតសរសើរ ដោយស្មោះអស់ពីដួងចិត្តចំពោះសម្តេចតេជោ ដែលជាអ្នកឈ្នះនៅក្នុងដំណើរស្វែងរកសន្តិភាព ដល់ប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។

បេសកជនពិសេសរដ្ឋាភិបាលជប៉ុនរូបនេះ ក៏ថ្លែងអំណរគុណ សម្តេច និងប្រទេសកម្ពុជា ដែលបានធ្វើឱ្យប្រទេសជប៉ុន មានមុខមានមាត់ ក្នុងឆាកអន្តរជាតិពាក់ព័ន្ធនឹងការបញ្ជូនកម្លាំងប្រតិបត្តិការរក្សាសន្តិភាព (PKO) ទៅក្រៅប្រទេស ដោយសម្តេចយល់ព្រមឱ្យមាន PKO របស់ជប៉ុន នៅកម្ពុជា ក្រោមឆ័ត្រអ៊ុនតាក់។ លោក Masaharu KOHNO បញ្ជាក់ថា ករណី PKO បានធ្វើឱ្យប្រទេសជប៉ុន ផ្លាស់ប្តូរ គោលនយោបាយការបរទេសរបស់ខ្លួន នៅក្នុងវិស័យនេះ ។

ទន្ទឹមគ្នានេះ លោក Masaharu KOHNO ក៏បានវាយតម្លៃខ្ពស់ ចំពោះកម្ពុជា ដែលតែងតែជឿទុកចិត្តលើប្រទេសជប៉ុន គាំទ្រ និងចូលរួមជាមួយជប៉ុន នូវរាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី ហើយកម្ពុជា ក៏ជាប្រទេសដំបូងបំផុត ដែលគាំទ្រគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ FOIP បេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងការនេសាទត្រីបាឡែន ផងដែរ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជប៉ុន គឺជាប្រទេសដែលនាំមុខគេ ក្នុងការជួយកម្ពុជាទាំងកម្លាំងបច្ចេកទេស និងជំនួយជាច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ រហូតមកដល់ពេលបច្ចុប្បន្ន។

សម្តេចតេជោ បានលើកឡើងទៀតថា ទោះបីជាជប៉ុន មិនបានលុបចោលបំណុល ដែលកម្ពុជាជំពាក់ក្ដី ប៉ុន្តែជប៉ុនបានជួយរកវិធីដោះស្រាយជួយដល់កម្ពុជា ដើម្បីឱ្យកម្ពុជា អាចសងបំណុលជប៉ុនបាន ។

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជាគាំទ្ររាល់គំនិតផ្តួចផ្តើម ទាំងឡាយណា ដែលបម្រើដល់ប្រយោជន៍រួម និងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយឡើយ និងគោរពមជ្ឈភាពអាស៊ាន ហើយ FOIP របស់ជប៉ុន ក៏មិនបានផ្ទុយពីគំនិតផ្តួចផ្តើម ចក្ខុវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិកនោះដែរ ។

ជាមួួយគ្នានេះដែរ សម្តេចតេជោ ក៏បានសម្តែង សេចក្តីរីករាយ ដែលបានជួបលោកបេសកជនពិសេស រដ្ឋាភិបាលជប៉ុនសាជាថ្មី និងអរគុណលោក Masaharu KOHNO ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ IPTP លើកទី១១ នៅកម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner