អភិបាលខេត្តកំពត ប្រាប់មន្ត្រីជំនាញពាក់ព័ន្ធរៀបចំបុណ្យសមុទ្រ កុំមើលរំលងរឿងកំប៉ិកកំប៉ុក

កំពត៖ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា គិតមកដល់ថ្ងៃនេះ ការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំ​បុណ្យសមុទ្រ​លើកទី១១ របស់អនុគណៈកម្មការនីមួយៗរបស់ខេត្ត បានត្រៀម​ស្ទើររួចរាល់ហើយ។ប៉ុន្តែឯកឧត្តមបានក្រើនរំលឹកដល់បន្ថែមដល់​មន្ត្រីជំនាញពាក់ព័ន្ធត្រូវគិតគូរឱ្យគ្រប់ជ្រុងជ្រោយ កុំធ្វេសប្រហែស​ចំពោះរឿងកំប៉ិកកំប៉ុក។

មានមតិបូកសរុបក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការខេត្តក្នុងការរៀបចំបុណ្យ​សមុទ្រលើក​ទី១១ កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានកត់សម្គាល់ពីវឌ្ឍនភាពការងាររៀបចំ បុណ្យសមុទ្រដែលនឹង​មកដល់នៅពាក់កណ្ដាលខែធ្នូខាងមុខ ។ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ពិតជានឹងធ្វើឱ្យ​បុណ្យសមុទ្រ​លើក​ទី១១ ជុំទី៣នៅខេត្តកំពត ពោរពេញដោយភាពសប្បាយរីករាយ និងភាពទាក់ទាញខ្លាំង។ប៉ុន្តែ ឯកឧត្តមបានដាស់តឿន​ដល់អាជ្ញាធរ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធសូមបង្កើនការយកចិត្តទុកដាក់លើការ​ងារកំប៉ិចកំប៉ុកមួយចំនួន ដែលអាចជះឥទ្ធិពលអាក្រក់ដល់ខេត្ត ដូចជា ការដំឡើងថ្លៃបន្ទប់ស្នាក់នៅ,តម្លៃម្ហូបអាហារ, ការបន្លំផលិតផល  ផលិតផលគ្មានគុណភាព , ជញ្ជីងមិនគ្រប់គីឡូ យកថ្លៃ​បន្ទប់ទឹក ឬថ្លៃផ្ញើម៉ូតូ រថយន្ត ថ្លៃហួសប្រមាណជាដើម ។សូមកុំឱ្យមានការលេចឮ ររឿងទាំងនេះ ទាំងនៅមុនពេល អំឡុងពេល និងក្រោយពេលចប់​ពីធីបុណ្យសមុទ្រ។

សូមបញ្ជាក់ថា មុនចូលដល់ថ្ងៃរៀបចំពិធីបុណ្យសមុទ្រ រដ្ឋបាលខេត្ត​កំពតក៏មានរៀបចំពិធីប្រណាំងទូកង ចំនួន១៣គូផងដែរ នៅថ្ងៃ​ទី១១-១២ ខែធ្នូ  ខណៈដែលកម្មវិធីបើកជាផ្លូវការនៃពិធី​បុណ្យសមុទ្រ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕


ដោយ ៖សិលា សារិន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner