សាលាបឋមសិក្សាទាំង៤៥ នៅស្រុកទឹកឈូ នឹងក្លាយជាសាលារៀនស្អាតនិងមានគុណភាពខ្ពស់
កំពត៖ អភិបាលស្រុកទឹកឈូ ខេត្តកំពត បានលើកទឹកចិត្តដល់នាយក នាយិកាសាលាបឋមសិក្សាទាំង៤៥នៅក្នុងស្រុក លោកគ្រូអ្នកគ្រូ និងគ្រូកិច្ចសន្យា រួមគ្នាកសាងមូលដ្ឋានគ្រឹះនៃការអប់រំរបស់កុមារឱ្យកាន់តែល្អប្រសើរ តាមរយៈការធ្វើជាគំរូល្អ មានសីលធម៌ សុជីវធម៌ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុង រៀបចំអនាម័យបរិស្ថាន និងពង្រឹងគុណភាពការបង្រៀន ដើម្បីលើកកម្ពស់គុណភាពរបស់សិស្ស។
ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូកិច្ចសន្យាចំណេះដឹងទូទៅឆ្នាំ២០២៥ និងនាយក នាយិកាសាលាបឋមសិក្សាទាំង៤៥កន្លែង កាលពីរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ និងផ្ទេរមុខងារវិស័យអប់រំកម្រិតបឋមសិក្សា មកឱ្យរដ្ឋបាលក្រុងស្រុក ដឹកនាំគ្រប់គ្រង និងទទួលខុសត្រូវលើគុណវឌ្ឍិមន្ត្រី បុគ្គលិកគ្រូបង្រៀន និងគុណភាពសិក្សារបស់សិស្សានុសិស្សកម្រិតបឋមសិក្សា។ ដូច្នេះដើម្បីកសាងមូលដ្ឋានគ្រិះ នៃការអប់រំកុមារឲ្យកាន់តែល្អប្រសើរ ទាមទាមានការចូលរួមពីអ្នកពាក់ព័ន្ធ មានអាណាព្យាបាលសិស្ស ពិសេសលោកគ្រូ អ្នកគ្រូ ដែលត្រូវធ្វើជាគំរូល្អ ផ្តល់នូវចំណេះដឹង សីលធម៌ សុជិវធម៌ គុណធម៌នៃការរស់នៅទាំងក្នុងសាលា និងក្នុងសង្គម តាមរយៈការរៀបចំសាលារៀនឲ្យស្អាត មានអនាម័យបរិស្ថានល្អ មានរបៀបរបប និងវិន័យក្នុងការបង្រៀន និងការរៀន ។
លោកអភិបាលស្រុកបានគូសរំលេចថា ការប្រឡងជ្រើសរើសគ្រូបង្រៀនកិច្ចសន្យាទាំង៤៧រូបបានធ្វើឡើងដោយសុក្រិត យុត្តិធម៌ ពឹងលើសមត្ថភាពទាំងស្រុង (អ្នកចេះ គឺជាប់ ) គ្មានការយោគយល់ទេ ទាំងពេលប្រឡងលើក្រដាសវិញ្ញាសា និងការធ្វើតេស្តសម្ភាសផ្ទាល់មាត់ ព្រោះរដ្ឋបាលស្រុកមិនអាចជ្រើសរើសយកគ្រូបដែលមិនគ្រប់លក្ខខណ្ឌ មកបង្រៀនដល់ក្មេងៗដែលជាទំពាំងស្នងឫស្សីទេ៕
ដោយ៖ សិលា សារិន