ឯកឧត្តម កែ គឹមយ៉ាន ÷ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឈរលើការថែរក្សាសន្តិភាពជាចម្បង
បន្ទាយមានជ័យ៖គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឈរលើការថែរក្សាសន្តិភាពជាចំបងបំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រោះថា បើសង្គមជាតិ ពោរពេញដោយសង្គ្រាមនោះកុំថាឡើយការកសាងអ្វីៗ សូម្បីសេចក្ដីសុខរបស់ប្រជាពលរដ្ឋក៏គ្មានដែរ។នេះជាការ បញ្ជាក់របស់ ឯកឧត្តម កែគឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជាក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ លោកគ្រូអ្នក សិស្សានុសិស្ស ប្រជាពលរដ្ឋ និងសមាគមចិន នៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យកាលពីពេលថ្មីៗនេះ។

ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធអគារសិក្សាមួយខ្នងនៅសាលារៀនចិនចុងវ៉ា ស្រុកមង្គលបូរីឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នយោបាយ ឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាប្រមុខថ្នាក់រាជរដ្ឋាភិបាលកម្ពុជាបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត រក្សាជំហររឹងមាំគឺនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ ហើយផ្ដោតសំខាន់ក្នុងការថែរក្សាសន្តិភាព។ ដូច្នេះយើងទាំងអស់គ្នាចូលរួមថែរក្សាការពារសុខសន្តិភាពជានិច្ចនិររ៍ន្ត ដ្បិតសន្តិភាពជាមូលដ្ឋាគ្រឹះនៃសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋក៏ដូចជាប្រទេសនិងការអភិវឌ្ឍជាតិ។

ដោយមានវត្តមានលោក ចាវ ហៃយាន អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជាក្នុងឱកាសនេះដែរឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះសមាគម សប្បុរសជនជាតិចិន និងសប្បុរសជនក្នុងប្រទេសដែលបានជួយកសាងនូវសមិទ្ធផលមួយចំនួនលើវិស័យអប់រំសិក្សានៅសាលារៀន ចុងវ៉ា ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ឯកឧត្តមបញ្ជាក់ថា នេះបង្ហាញឱ្យឃើញចំណងមិត្តភាព រវាងប្រទេសទាំងពីរ។ឯកឧត្តមបានលើកទឹកចិត្តនិងអំពាវនាវដល់សមាគម និងសប្បុរសជនជាតិចិន បន្តទៀតលើផ្នែកអប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្ស៕
ដោយ៖ គៀន ច័ន្ទហ៊ីន






