បុរសបង់ក្លាដេសម្នាក់ដើរដោយថ្មើរជើងជុំវិញពិភពលោក
បរទេស៖ ដើម្បីផ្តល់សារពីសារៈសំខាន់នៃការដើរ ដើម្បីសុខភាព និង ដើរដើម្បីការពារភពផែនដីពីបញ្ហាប្រែប្រួលអាកាសធាតុ លោក Saiful Islam Shanto ជាអ្នកឡើងភ្នំដ៏ងប់ងល់ មកពីស្រុក Comilla ប្រទេសបង់ក្លាដែស កំពុងធ្វើដំណើរជុំវិញពិភពលោក ដោយថ្មើរជើង។ ដំណើររបស់ Shanto ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមជ្ឈដ្ឋានអន្តរជាតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ នេះបើតាម The Nation។
បើតាមប្រភព លោក Shanto បានចាប់ផ្តើមដំណើរ ដែលលោកហៅថា «ការធ្វើដំណើរជុំវិញពិភពលោក ដោយថ្មើរជើង» ចាប់ផ្តើមពីថ្ងៃទី២២ ខែមីនា ចេញពីរដ្ឋធានី Dhaka ប្រទេសបង់ក្លាដែស។
ប្រភពថា បច្ចុប្បន្ននេះ លោកស្ថិតនៅក្នុងប្រទេសថៃ ដែលជាប្រទេសទី៦របស់លោក បន្ទាប់ពីបញ្ចប់នៅបង់ក្លាដែស ឥណ្ឌា អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន និងនេប៉ាល់។ លោកគ្រោងនឹងបន្តដំណើរនៅអាស៊ីអាគ្នេយ៍ផ្សេងៗទៀត ដូចជា ឡាវ វៀតណាម កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី។ ក្រៅពីអាស៊ី លោកមានបំណងធ្វើដំណើរឆ្លងកាត់ទ្វីបផ្សេងៗទៀត ដោយមានមហិច្ឆតាចង់ទៅទស្សនាប្រទេសទាំង ១៩៣ ជុំវិញពិភពលោក ដោយថ្មើរជើង។
លោក Shanto និយាយថា បេសកកម្មនេះ គឺដើម្បីបំផុសគំនិតមនុស្សឱ្យជួយសង្គ្រោះដើមឈើ ដើម្បីកាត់បន្ថយការឡើងកំដៅផែនដី និងលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សបរិស្ថាន ដើម្បីសុខុមាលភាពនៃភពផែនដី និងមនុស្សជាតិ។ លើសពីនេះ លោកតស៊ូមតិរបៀបរស់នៅដែលមានសុខភាពល្អ ធ្វើសកម្មភាព និងមានវិន័យ នេះបើតាមកាសែត The Nation ដដែល៕
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត