សន្ដិភាព គឺមានតម្លៃខ្លាំងណាស់ មិនមែនគ្រប់ប្រទេស សុទ្ធតែមានសំណាង ទទួលបាននោះឡើយ
(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូល ស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល ដែលសហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) ជាមួយស្ថាប័ន និងអង្គការដៃគូជាច្រើនទៀតរបស់ចិន នៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សន្ដិភាព គឺមានតម្លៃខ្លាំងណាស់ និងថែមទាំងជាទំនិញដ៏កម្រ មិនមែនគ្រប់ប្រទេស សុទ្ធតែមានសំណាង ទទួលបាននោះឡើយ ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា មិនមែនគ្រប់ប្រទេសទាំងអស់ សុទ្ធតែមានសំណាងទទួលបានសន្តិភាព និងស្ថិរភាពនយោបាយនោះទេ។ សន្តិភាព គឺមានតម្លៃ និងជាទំនិញដ៏កម្រ ។ សន្តិភាព មិនអាចកើតឡើង តាមចិត្តចង់បាននោះទេ ។
សម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជា បានបន្តថា នៅក្នុងពិភពលោកដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ននេះ សន្តិភាព និងស្ថិរភាពនយោបាយ បានត្រឹមតែជាសេចក្តីប្រាថ្នាប៉ុណ្ណោះ សម្រាប់ប្រទេសមួយចំនួន ។ សម្ដេច បានបង្ហាញ នូវជំនឿយ៉ាងមុតមាំថា សន្តិភាព និងស្ថិរភាពនយោបាយ មិនមែនគ្រាន់តែជាភាពទាក់ទាញ សម្រាប់អ្នកវិនិយោគនោះទេ ប៉ុន្តែ ជាកត្តាដែលចាំបាច់ខានពុំបាន ។ កម្ពុជា ជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចបើកចំហ និងសេរីបំផុតនៅអាស៊ី ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា យុគសម័យដ៏ខ្មៅងងឹតបំផុត នៃប្រវត្តិសាស្ត្ររបស់ ប្រទេសកម្ពុជា បានបញ្ចប់ជាច្រើនទសវត្សរ៍មកហើយ។ ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានវឌ្ឍនភាព គួរឲ្យកត់សម្គាល់ លើវិស័យជាច្រើន រាប់ចាប់ពីការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយចីរភាព, ហេដ្ឋារចនាសម្ព័ន្ធទំនើប, និងសេដ្ឋកិច្ច ដែលមានសមាហរណកម្មយ៉ាងពេញលេញនៅក្នុងទីផ្សារក្នុងតំបន់ និង ពិភពលោក ។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា នៅក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ, សន្តិភាព និង ស្ថិរភាពរបស់កម្ពុជា, ទីតាំងយុទ្ធសាស្រ្ត នៅក្នុងអាស៊ាន និង គោលនយោបាយ ដែលគាំទ្រសម្រួលធុរកិច្ចរបស់កម្ពុជា ផ្តល់ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការវិនិយោគរបស់ភ្ញៀវទាំងអស់ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ