រាជរដ្ឋាភិបាល បន្ដគាំទ្រដល់ជោគជ័យរបស់ធុរកិច្ចទាំងអស់ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូល ស្តីពីសេដ្ឋកិច្ច និងបច្ចេក​វិទ្យា​របស់ចិនជាសកល ដែលសហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រ​សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) ជាមួយស្ថាប័ន និងអង្គការដៃគូជាច្រើន​ទៀតរបស់ចិន នៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើក​ឡើងថា រាជរដ្ឋាភិបាល បន្ដគាំទ្រដល់ជោគជ័យរបស់ធុរកិច្ច ទាំងអស់ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គណៈកម្មាការបានជំរុញការដោះស្រាយវិវាទវិស័យឯកជន ដោយបានធ្វើការដោះស្រាយបញ្ហាយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធិភាព។ ខ្ញុំចង់បញ្ជាក់ថា រាជរដ្ឋាភិបាលរបស់យើង គឺឈរនៅខាងអ្នកធុរកិច្ចជានិច្ច ហើយយើងតែងតែនៅជួយគាំទ្រ ដល់អ្នកគ្រប់ជំហាន ។

សម្ដេច បន្ដថា ក្នុងអាណ្ណិតរបស់ខ្ញុំ យើងបានបន្ថែម ពាក្យបច្ចេកវិទ្យា ជាធាតុផ្សំថ្មីបន្ថែម ក្នុងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាកកាលទី១ ដើម្បីធ្វើពិពិធកម្ម ទំនើបកម្ម និងឧស្សាហកម្ម ដោយពឹងផ្អែកលើជំនាញ និងចំណេះដឹង ។ សម្ដេច ថា ជាការពិតណាស់ យើងមិនអាចស្រមៃថា យើងអាចសម្រេចចក្ខុវិស័យ កម្ពុជា ២០៥០ ដើម្បីឲ្យកម្ពុជា ក្លាយជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់ ដោយគ្មានការរីកចម្រើនខ្លាំង ខាងផ្នែកបច្ចេកវិទ្យា និងធនធានមនុស្សដែលមានជំនាញនោះទេ ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខ្លួនខ្ញុំផ្ទាល់ មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការទាក់ទាញវិនិយោគ ដែលមានបច្ចេកវិទ្យាខ្ពស់ មានឆន្ទៈ ក្នុងការផ្ដល់ការលើកទឹកចិត្តកម្រិតខ្ពស់ និងឆ្លើយតបប្រកបដោយភាពបត់បែន សម្រាប់ក្រុមហ៊ុន ដែលមានឆន្ទៈ ក្នុងការបង្កើតភាពជាដៃគូរ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។

សម្ដេចធិបតី សូមប្ដេជ្ញាចិត្តក្នុងនាមជានាយករដ្ឋមន្រ្ដី សូមប្ដេជ្ញាថា រដ្ឋាភិបាលខ្ញុំ នឹងបន្ដគាំទ្រ ដល់ជោគជ័យ របស់ភ្ញៀវទាំងអស់ គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ទ្វារបស់យើងតែងតែបើកជំហរ ហើយយើងនៅតែរក្សាគោលការណ៍ ដែលអាចព្យាករណ៍បាន ។

សម្ដេចបវរធិបតី បានបន្ថែមថា ការប្ដេជ្ញាចិត្តរបស់យើង ចំពោះអាជីវកម្មរបស់​អ្នក គឺមិនមានការផ្លាស់ប្ដូរទេ ដូច្នេះហើយខ្ញុំសូមអញ្ជើញភ្ញៀវទាំងអស់ ដើម្បី​ក្លាយ​ជាផ្នែកមួយនៃដំណើរការ នៃការផ្លាស់ប្ដូរកម្ពុជា មិនថាផ្នែកបច្ចេកវិទ្យា ថាមពលបៃតង ឬការបណ្ដាក់ទុនផ្សេងៗទៀតនោះទេ កម្ពុជាបានត្រៀមខ្លួន​ជាស្រេចធ្វើជាដៃគូរ ក្នុងភាពជោគជ័យរបស់អ្នក ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner