ឯកឧត្តម ហេង សួរ ៖ រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យក្នុងការទាក់ទាញ​ការ​វិនិយោគ​លើវិស័យយានយន្តនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មាន​ចក្ខុ​វិស័យ​ក្នុងការទាក់ទាញការវិនិយោគលើវិស័យយានយន្តនៅកម្ពុជា ដូចនេះ​ការបង្កើនមូលធនមនុស្សប្រកបដោយជំនាញបច្ចេកទេស គឺជាគោលនយោ​បាយ​ដ៏សំខាន់។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី សម្រាប់កិច្ចសហប្រតិបត្តិការ​ក្នុងភាព​​ជាដៃគូជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា ក្នុងការ​បណ្តុះបណ្តាលបច្ចេកទេសយានយន្ត ជាពិសេសរថយន្តអគ្គិសនី។

ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ លើកឡើងនៅក្នុងឱកាស ទទួលជួបសម្តែងការគួរសម និងពិភាក្សា​ការងារជាមួយគណៈប្រតិភូ ដឹកនាំដោយលោកស្រីបណ្ឌិត សលលី ឃូថែន (Sally Curtain) នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន Bendigo Kangan នៃ​ប្រទេសអូ​ស្ត្រាលី។ ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ផ្តោត​លើកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជិវៈ (TVET) ជាពិសសលើការបណ្តុះបណ្តាលបច្ចេកទេសយានយន្ត នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជឿជាក់ថា តាមរយៈកម្មវិធីក្រោមកិច្ច​សហប្រតិ​បត្តិ​ការ​នេះនឹងអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជា ប្រកបដោយជំនាញបច្ចេកទេស​ស្របតាមស្តង់ដាអន្តរជាតិ ដែលមិនត្រឹមតែអាចបំពេញតម្រូវការអ្នកបច្ចេក​ទេស​យានយន្តសម្រាប់កម្ពុជាប៉ុណ្ណោះទេ តែក៏អាចស្របតាមទីផ្សារ​ការងារ​ផ្នែក​បច្ចេកទេសយានយន្តនៅក្រៅប្រទេសផងដែរ។

លោកស្រីបណ្ឌិត សលលី ឃូថែន (Sally Curtain) បានសម្តែងការពេញ​ចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា ក្នុងការផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេសយានយន្ត ដល់ប្រជាជនកម្ពុជា។ លោកស្រី ជឿជាក់ថា តាមរយៈបទពិសោធន៍​ក្នុងការ​បណ្តុះបណ្តាលរបស់វិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី នឹងអាចសហការបានយ៉ាងល្អជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា ក្នុងការលើកកម្ពស់គុណភាពកាន់តែប្រសើរក្នុងការបណ្តុះបណ្តាលបច្ចេកទេសយានយន្តនៅកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner