សិស្សានុសិស្ស វិទ្យាល័យឫស្សីកែវ បានចាត់ទុកការផ្សព្វផ្សាយពីគុណតម្លៃកីឡាអូឡាំពិកនៅក្នុងសាលារៀនជារឿងសំខាន់សម្រាប់សិស្ស
(ភ្នំពេញ)៖ យុទ្ធនាការផ្សព្វផ្សាយគុណតម្លៃកីឡាអូឡាំពិក បានបន្តផ្សព្វផ្សាយទៅដល់វិទ្យាល័យឫស្សីកែវ ស្ថិតនៅក្នុង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីផ្សារភ្ជាប់ផ្សព្វផ្សាយអំពីគុណតម្លៃនៃការលេងកីឡាសម្រាប់សិស្សថ្នាក់អនុវិទ្យាល័យនិង វិទ្យាល័យ។
យុទ្ធនាការផ្សព្វផ្សាយនេះ មានសកម្មភាពកីឡាជាច្រើនដែលតម្រូវពន្យល់ឱ្យសិស្សដឹងនិងស្គាល់ ថាអ្វីទៅជាប្រវត្តការកកើតនៃកីឡាអូឡាំពិក ហើយ កីឡាបានរួមចំណែកបង្កើតភាពសុខដម និងសាមគ្គីភាព មិត្តភាព ដល់គ្រប់ជាតិសាសន៍នៃមុនស្សរស់នៅលើលោក ។
កុមារី រ៉ាហ្សាត សាហាណា និង កុមារា ធី ដូណា ដែលបានចូលរួមនៅក្នុងសកម្មភាពផ្សព្វផ្សាយពីគុណតម្លៃកីឡាអូឡាំពិក បានចាត់ទុកថា ការផ្សព្វផ្សាយអំពីគុណតម្លៃកីឡាអូឡាំពិកនៅក្នុងសាលារៀន គឺបានផ្តល់នូវអត្ថប្រយោជន៍ខ្លាំងណាស់ដល់សិស្ស ព្រោះវាជាផ្នែកមួយជួយជម្រុញឱ្យសិស្សដឹងនិងស្គាល់ពីកីឡានីមួយៗ ហើយចាប់យកកីឡានោះមកហ្វឹកហាត់ ទទួលបាននូវសុខភាពល្អ បំបាត់ភាពធុញថប់អារម្មណ៍ពេលសិក្សាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គុណតម្លៃកីឡា ធ្វើឱ្យមនុស្សចេះស្រលាញ់និងយោគយល់អាធ្យាស្រ័យគ្នា បង្កើតបាននូវមិត្តភាព សាមគ្គីភាព ។
សម្រាប់ យុទ្ធនាការផ្សព្វផ្សាយក្នុងឆ្នាំ២០២៤នេះ បានធ្វើឡើងក្រោមប្រធានបទ ហៅជាភាសាអង់គ្លេសថា OVEP’s Learn and Play ដោយប្រែជាភាសាខ្មែរថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិក៖ រៀននិងលេង» ដែលជាប្រធានបទដើរស្របគ្នា រវាងការសិក្សាអំពីគុណតម្លៃអូឡាំពិក ផ្សាភ្ជាប់ជាមួយសកម្មភាពកីឡា និងការបង្ហាញនូវសាមគ្គីភាព នៃការលេងកីឡាជាដើម ។
នៅក្នុងយុទ្ធនាការផ្សព្វផ្សាយនោះក៏បានរំលេចនូវគោលបំណង២សំខាន់ផងដែរ ។ ទី១ រំលេចផ្សព្វផ្សាយអំពីប្រវត្តនិងទស្សនៈវិជ្ជានៃគុណតម្លៃអូឡាំពិក និង ទី២ ផ្សព្វផ្សាយយុទ្ធនាការកីឡាឆ្ពោះទៅកីឡាយុវជនអាស៊ីលើកទី៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៩ ជាចលនា ឱ្យសិស្សចូលរួមគាំទ្រ សកម្មភាពកីឡា និង តាមរយៈការចូលរួមជាយុវជនស័គ្រចិត្តជាដើម។យុទ្ធនាការអប់រំផ្សព្វផ្សាយពីគុណតម្លៃកីឡាអូឡាំពិក ២០២៤ ជ្រើសរើសយកសាលារដ្ឋគោលដៅចំនួន១០នៅទូទាំងប្រទេស គឺនៅរាជធានីភ្នំពេញ មានសាលាចំនួន៤ និងតាមបណ្តាខេត្តចំនួន៦៕
ថតដោយ ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ